ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ គឺជាបណ្តុំធនធានមនុស្ស និងជាកម្លាំងស្នូលដើម្បីចូលរួមគាំទ្ររដ្ឋបាលខេត្តក្នុងការពង្រឹងសមត្ថភាពដឹកនាំ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ

   ជាលទ្ធផលក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សម្រេចអនុវត្តបាននូវកិច្ចការងារជាច្រើន ក្នុងនោះបានធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ហើយទទួលបានសំណើ សំណូមពរពីប្រជាពលរដ្ឋចំនួន ៣៣៤ករណី បានដោះស្រាយចំនួន ២៤៦ ករណី ស្មើនឹង ៧៤,២៥% និងកំពុងដោះស្រាយចំនួន ៦៦ករណី ស្មើនឹង ១៩,៤៦%  និងមានវិធានការដោះស្រាយចំនួន ១៦ករណី ស្មើនឹង ៤,១៩% និងស្នើសុំទៅថ្នាក់ជាតិជួយដោះស្រាយចំនួន ៦ករណី ។

   លទ្ធផលការងារដែលសម្រេចបានទាំងនេះត្រូវបានលើកមកបង្ហាញក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នាសាលមហោស្របខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។

   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា វាយតំលៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ 

សម្រេចអនុវត្តបានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដោយបានចូលរួមយ៉ាងសកម្មដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយនិង យុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ សំដៅបម្រើនូវសេចក្ដីត្រូវការពិតប្រាកដ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃខេត្តក្រចេះ ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការបំរើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុក ចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា អោយបន្តដឹកនាំប្រទេសជាតិ បានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត។ 

   តួនាទីសំខាន់ៗ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគឺ តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយ/ឆ្លើយតប សំណើ សំណូមពរ និងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

   ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជម្រាបជូនថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត គឺពិតជាបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះក៏បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅ ចូលរួមដោះស្រាយបញ្ហាប្រឈមជាក្តីកង្វល់ សំណើ សំណូមពរ និងទំនាស់ក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព។

   ឯកឧត្តម ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានគូស បញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំមកនេះ ក្រុមលេខាធិការដ្ឋានក្រុង ស្រុក បានបង្កើតមន្ត្រីបង្គោលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ ចំនួន ៤៨ឃុំ សង្កាត់ ដើម្បីសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងន័យផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ការបង្កលក្ខណៈ ងាយស្រួលដល់ការចុះធ្វើវេទិកាសាធារណៈនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការដោះស្រាយ ឆ្លើយតបរាល់សំណើ សំណូមពរ កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានគណនេយ្យភាព។

ក្នុងឱកាសនេះដែរ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្តេជ្ញាបន្តកសាង ទំនាក់ទំនងឱ្យបានល្អរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល នយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” កម្មវិធីកំណែទម្រង់តាមវិស័យ ក៏ដូចជាសភាពការណ៍នានា របស់ជាតិ-អន្តរជាតិ និងការអភិវឌ្ឍថ្មីៗនៅមូលដ្ឋាន ៕