ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តក្រចេះឱ្យបានគង់វង្ស

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តក្រចេះឱ្យបានគង់វង្ស ជាពិសេសអភិរក្សសត្វកម្រៗដែលមាននៅក្នុងខេត្តដូចជាសត្វក្តាន់ សត្វផ្សោត សត្វត្មាត និងរុក្ខជាតិផ្សេងៗទៀតដែលមានដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនដល់សហគមន៍ ទាញផលចំណូលពីទេសចរណ៍ធម្មជាតិ,
ឆ្លៀតក្នុងឱកាសអញ្ជើញធ្វើការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅភូមិព្រែកព្រលូង និងភូមិព្រែករកា ឃុំរសាប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ ចូលរួមថែរក្សា ការពារ និងអភិរក្សសត្វក្តាន់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងសត្វផ្សោត ក្នុងខេត្តក្រចេះ អោយបានល្អ ព្រោះជាប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងពិភពលោក ដែលជាទិសដៅសំខាន់ការទាក់ទាញភ្ញៀវទេសចរ មកទស្សនា លេងកំសាន្តបានកាន់តែច្រើនបន្ថែម ។ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនថា នៅលើពិភពលោក មានតែប្រទេសកម្ពុជា ដែលមានសត្វក្តាន់ ច្រើនជាងគេ ហើយនៅក្នុងតំបន់ជម្រកសត្វព្រៃព្រែកប្រសព្វ មានសត្វក្តាន់កំពុងរស់នៅប្រមាណជាង ១០០ក្បាល ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីក្នុងស្រុកព្រែកប្រសព្វ ចូលរួមថែរក្សា ការពារ អភិរក្សសត្វក្តាន់ រួមទាំងសត្វផ្សោតទន្លេមេគង្គ អោយបាននៅគង់វង្ស និងមានកំណើនកើនឡើងបន្តទៀត ដើម្បីធ្វើជាតំបន់ទេចរណ៍ធម្មជាតិ ដ៏មានសក្តានុពល ៕