ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ស្មារតីនៃអង្គសន្និបាតរបស់ក្រសួងព័ត៌មាន បានបង្ហាញនូវសាមគ្គីភាព ភាតរភាព ក្នុងស្មារតីនៃការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ដែលថ្នាក់ដឹកនាំ មន្ត្រីទាំងអស់បានយល់ច្បាស់នូវតូនាទីរបស់ខ្លួនមានសារៈសំខាន់នៅក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យា និងបរិបទសង្គមឌីជីថល ដើម្បីចូលរួមក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់

  ដើម្បីអាចសម្រេចជោគជ័យការងារទាំងឡាយទៅបាន គឺកត្តាធនធានមនុស្សដែល មិនអាចអត់បាន ចំណេះដឹង កិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងភាពស្មោះត្រង់ គឺគោលការណ៍សំខាន់នៃមូលដ្ឋានគ្រឹះដែលត្រូវប្រកាន់យក

  នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបំពាក់គ្រឿងឥស្សរិយយស ព្រមទាំងមេដាយការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន សរុបជារួមជាង ២០០នាក់ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ 

     ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការវាយតំលៃបានថា ក្នុងដំណើរការអង្គសន្និបាតបូកសរុបការងាររយៈពេល ៣ថ្ងៃមកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត បានបើក ចំហរបេះដូងក្នុងការលើកពីតូនាទីភារកិច្ចរបស់ខ្លួន ទទួលស្គាល់ការពិត ហើយបន្តរួមសាមគ្គីគ្នាដើម្បីសម្រេចលើកិច្ចការងារ និងភារកិច្ចដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។ ជាមួយនេះ យើងទាំងអស់គ្នាជាថ្នាក់ ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន ត្រូវមើលអោយឃើញនូវអ្វីដែលជាបញ្ហារួម និងបេសកកម្មរួមដែលត្រូវដើរបន្តទៅមុខ ទៀត ហើយកិច្ចការងាររបស់ក្រសួងព័ត៌មាន មិនមែនធ្វើមួយថ្ងៃ សម្រាប់មួយថ្ងៃនោះទេ ប៉ុន្តែទាមទារអោយមានការរៀបចំនូវចក្ខុវិស័យរយៈពេលខ្លី រយៈមធ្យម និងរយៈពេលវែង ដោយរួមកំលាំងគ្នាអនុវត្តអោយបានល្អ ។ អ្វីដែលក្រសួងព័ត៌មាន បានធ្វើរយៈពេល ១៧ខែមកនេះគឺស្ថិតក្នុងប្រពន្ធ័ “ ជវភាពនៃប្រព័ន្ធតូអង្គតែមួយ “ ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបំរើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់យើង ។ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញ នូវមោទនភាព និងការរីករាយដោយបានឃើញមន្រ្តីរាជការនៅគ្រប់អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះក្រសួងព័ត៌មាន មន្ទីរព័ត៌មាន រាជធានី ខេត្ត បានពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកបដោយវិជ្ជាជីវ:ខ្ពស់។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ត្រូវទទួលបានផ្តល់នូវជំនឿទុកពីថ្នាក់ដឹកនាំកំពូលរហូត ដល់ថ្នាក់ក្រោម មកលើតូនាទីដ៏សំខាន់របស់ក្រសួង និងមន្ទីរព័ត៌មាន រាជធានី ខេត្ត ដែលពីមុនមកស្ថាប័ននេះស្ទើរតែគេបំភ្លេចចោល តែពេលនេះជាស្ថាប័នដើរតួនាទីយ៉ាងសំខាន់ដែលត្រូវលេច មុខគ្រប់ពេលវេលា និងគ្រប់ឱកាសការងារសំខាន់ៗ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តចូលរួមអនុវត្តការងារឱ្យកាន់តែសកម្ម បន្ថែមទៀតដើម្បីកសាងតម្លៃក្រសួងព័ត៌មានឱ្យបានទូលំទូលាយបំផុត។ «ក្នុងក្របខណ្ឌនៃដំបូលក្រសួងព័ត៌មានសម្រាប់ ឯកឧត្តម នេត្រ ភក្ត្រា គឺធ្វើយ៉ាងណាឱ្យយើងទាំងអស់គ្នា មានមោទនភាព ក្នុងនាមជាមន្ត្រីដែលស្ថិតនៅក្រោមដំបូលនៃក្រសួងព័ត៌មាន » ។ ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី អរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ប្រកបដោយការទទួលខុសត្រូវ និងមនសិកាខ្ពស់ ហើយក្នុង រយៈពេល ១៧ខែកន្លងមកនេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អស់លោកលោកស្រី មន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រីបានពិនិត្យឃើញថា គឺជាអ្នកដែលមានសមត្ថភាព មានឆន្ទៈ ជាអ្នកខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារ ។ ដូច្នេះជាទិសដៅទៅមុខទៀត ត្រូវបន្តរួមគ្នាកសាងនូវមោទនភាពជាតិ ចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ គឺដណ្តើមមកវិញនូវមោទនភាពជាតិ កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ និងការកសាងនូវសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជារបស់យើង ។ ព្រោះប្រជាជនកម្ពុជា បានបាត់បង់នូវសេចក្តីថ្លៃថ្នូរ និងមនុស្សជាតិក្នុងរបបខ្មែរក្រហម ។ 

   នៅក្នុងឱកាសនៃអង្គសន្និបាតនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់នូវកិច្ចការងារសំខាន់ៗដែលត្រូវបន្តធ្វើដើម្បីអោយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាទទួលបានសេចក្តីទុកចិត្ត និងគាំទ្រពីសាធារណជន។ កិច្ចការងារដែលបានដាក់ចេញ គឺពង្រឹងប្រសិទ្ធភាពនៃការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ, ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ , ការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅឌីជីថល , ការលើកកម្ពស់សន្តិសុខព័ត៌មាន និងការងារការជម្រុញការទូតព័ត៌មាន ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល ៕