ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានជួបប្រជុំជាមួយរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងការបន្តគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អបន្ថែមទៀត

   ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយបានកាន់តែល្អបន្តទៅមុខទផតនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) បានជួបប្រជុំជាមួយក្រុមការងារមកពីក្រសួងមហាផ្ទៃដឹកនាំដោយ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាសមាជិក  (ក.គ.ផ.ស) ដើម្បីពិនិត្យវឌ្ឍនភាពការងារលើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។ 

  ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ។ កិច្ចប្រជុំដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានក្រុមការងារ និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ។   

កិច្ចប្រជុំនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជា សមាជិក ក.គ.ផ.ស.។ 

   ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះ មានភារកិច្ចដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ៕ 

   បន្ទប់ពីត្រូវបានបង្កើតក្រុមការងារនេះរួចមក ក្រសួងព័ត៌មានដែលជាប្រធានក្រុមការងារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចេញនូវ ប្រកាសស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដោយត្រូវគោរពនូវតាមគោលការណ៍សំខាន់ចំនួន ១៧ ដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត ៕