ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់អង្គភាពសារព័ត៌មាន ខេមបូ ថាមន៍ និងស្ថាប័នសារព័ត៌មានដ៏ទៃទៀត រួមទាំងអ្នកផលិតមាតិកា បន្តផលិតព័ត៌មានល្អៗទាក់ទងសង្គមជាតិ រឿងវិជ្ជមានរបស់កម្ពុជាផ្សាយទៅកាន់ពិភពលោក ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សង្គមជាតិ

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តបន្ថែមដល់អង្គភាពព័ត៌មាន ខេមបូ ថាមស៍ និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មានកម្ពុជា,

    នេះជាប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឧកញ៉ា នូ សូលីដា តំណាងអង្គភាពសារព័ត៌មាន ខេមបូ ថាមន៍ Cambo Times នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។

  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា ការប្រកបការងារប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន គឺចាំបាច់ណាស់ត្រូវតែធ្វើការពង្រឹងសមត្ថភាពខ្លួនឯង និងដុសខាត់ជំនាញក្នុងការសរសេរព័ត៌មានឲ្យបានល្អ ផលិត និងផ្សព្វផ្សាយ ដោយត្រូវធ្វើទំនើបកម្មការងារឱ្យស្របទៅនឹងភាពរីកចម្រើននៃសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភាពប្រកួត ប្រជែង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើ អ្នកសារព័ត៌មាន គុណភាពព័ត៌មាន និងការផ្សាយដែលមានប្រភពច្បាស់លាស់ ពិតប្រាកដ ប្រកបដោយសុវត្ថិភាព ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានភាពចាំបាច់ត្រូវយល់ឱ្យបានច្បាស់ពីព្រំដែន នៃការអនុវត្តការងារប្រកបទៅដោយវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិ និងតួនាទីជាអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវចៀសវាងកុំឱ្យការប្រើសិទ្ធិ និងសេរីភាពហួសពីដែនដែលច្បាប់បានកំណត់។

ដូច្នេះហើយ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ ហើយក៏បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។  ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនដែរថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាង ២ ០០០អង្គភាព ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១ ០០០អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងឯករាជ្យភាព។ សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាព ល្អប្រសើរ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។

ក្រោមដំបូលនៃសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដើម្បីបញ្ចេញ មតិ និងទទួលបានព័ត៌មានគ្រប់បែបយ៉ាង ដូច្នេះ ការផលិតមាតិកាព័ត៌មាន ដែលមានគុណភាព ផ្តល់ចំណេះដឹង គឺជាចំណុចសំខាន់សម្រាប់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ។

    ឧកញ៉ា នូ សូលីដា បានសំដែងនូវការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដែលបានផ្តល់អនុសាសន៍ល្អដល់ក្រុមការងារអង្គភាពសារព័ត៌មាន ខេមបូ ថាមន៍ Cambo Times យកទៅអនុវត្តន៍ការងារឲ្យកាន់មានប្រសិទ្ធិភាព ប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈត្រឹមត្រូវ ។

 នៅក្នុងឱកាសនេះដែរ ឧកញ៉ា នូ សូលីដា បាននាំយកនូវស្បៀងអាហារ និងភាសជ្ជៈ រួមមាន ភេសជ្ជៈកូរ៉េ ៥០កេស ទឹកសុទ្ធ ២០០កេស និងអង្ករ ២០០បាវ ក្នុង១បាវតូច ១០គីឡូ ជូនដល់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីចូលរួមក្នុងសកម្មភាពការងារសង្គមចុះជួយមូលដ្ឋានខេត្តក្រចេះ ៕