ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដែលជាកម្លាំងមិនអាចខ្វះបាន និងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យរុងរឿង,

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដែលជាកម្លាំងមិនអាចខ្វះបាន និងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យរុងរឿង, 

  រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹក នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកិច្ចការងារបណ្តុះ បណ្តាលធនធានមនុស្សមានអាទិភាពខ្ពស់ ដោយនិយាយពីការអភិវឌ្ឍមូលធនមនុស្ស អ្នកដែលមានចំណេះដឹង មានស្នាដៃ មានទេពកោសល្យ មានសុខភាពល្អ និងមានសុជីវធម៌ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

  នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃប្រទេសថៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។

  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីប្រទេសថៃ ដែលផ្តល់អាហារូបករណ៍ដល់ក្រសួងព័ត៌មាន សម្រាប់ផ្តល់ជូននិស្សិត ឬមន្រ្តីក្រសួងដែលមានសមត្ថភាពទទួលអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សានៅប្រទេសថៃ។ ជាមួយនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការ បណ្ដុះបណ្ដាលធនធានមនុស្ស ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ, ឯកឧត្តម រដ្ឋមន្ត្រី បានស្នើដល់សាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ពង្រីកការផ្តល់អាហារូបករណ៍ឲ្យទៅដល់អ្នកសារព័ត៌មានបន្ថែមទៀត ក្រៅពីក្របខណ្ឌក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រាបានជម្រាបជូនដែរថា កន្លងមកនេះ និស្សិតកម្ពុជាបានចេញទៅបន្តការសិក្សានៅក្រៅប្រទេសជាច្រើន តាមរយៈអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលប្រទេសនានាជាមិត្តភក្តិកម្ពុជា ដូចជាបណ្តាប្រទេសនៅ អឺរ៉ុប អាមេរិក និងបណ្តាប្រទេសក្នុងទ្វីបអាស៉ី រួមទាំងតំបន់អាស៊ានផងដែរ។  នៅក្នុងក្របខណ្ឌនៃការជ្រើសរើស និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តល់ដោយសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី គឺមានការគ្រប់គ្រង និងជ្រើសរើស បេក្ខភាពដែលត្រូវទទួលអាហារូបករណ៍ ឆ្លងកាត់ការធ្វើតេស្តសមត្ថភាព ព្រមទាំងការពិនិត្យមើល លក្ខខណ្ឌផ្សេងៗដើម្បីបំពេញឱ្យគ្រប់លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ជាដើម។ សម្រាប់ការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា គឺជាការអាហារូបករណ៍ជួយដល់និស្សិតមានសមត្ថភាព ជានិស្សិតដែលទទួលបានការវាយតម្លៃពីគណៈកម្មការផ្តល់អាហារូបករណ៍បញ្ជាក់ថា ជានិស្សិតដែលខិតខំប្រឹងប្រែង ព្យាយាមអំណត់ក្នុងការសិក្សារៀនសូត្រ។ ពីព្រោះតម្លៃនៃការផ្តល់អាហារូបករណ៍នីមួយៗ គឺសុទ្ធសឹងតែមានតម្លៃ ដូច្នេះ គឺមិនអាចផ្តល់ឱ្យនិស្សិតរូបណាដែលមិនបានខិតខំ យកចិត្តទុកដាក់សិក្សាហើយទទួលបានអាហាររូបករណ៍នោះទេ។ 

   លោក Thamarak La-Ongual បានជម្រាបជូនពី កិច្ចការងារ និងសកម្មភាពរបស់សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ប្រទេសថៃ ដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាកន្លងមកនេះ និងផែនការបន្តផ្តល់ជូនសម្រាប់ឆ្នាំសិក្សាថ្មីទៀត ។ នៅក្នុងឱកាសនេះដែរ លោក សាកលវិទ្យាធិការ ក៏បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈគណៈកម្មការផ្តល់អាហារូបករណ៍ក្រសួងព័ត៌មាន។

លោក Thamarak La-Ongual បានគូសបញ្ជាក់ថា និស្សិតខ្កម្ពុជាបានទៅបន្តការសិក្សានៅសាកលវិទ្យាល័យប្រទេសថៃ មានចំនួនច្រើន ហើយតាមការសង្កេតរបស់សាកលវិទ្យាល័យកន្លងមកនេះ គឺបង្ហាញថា និស្សិតកម្ពុជា មានចរិយាសម្បត្តិល្អ ទន់ភ្លន់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានចំណេះដឹងទូលំទូលាយ ដែលជាគំរូដ៏ល្អដល់និស្សិតបរទេសជាច្រើនផ្សេងទៀត ដែលសិក្សានៅទីនោះផងដែរ ៕