ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ចាត់ទុកអគារផ្នែកជំងឺកុមារថ្មីក្នុងខេត្តក្រចេះ ថាជាផ្ទះទេវតាដែលនឹងជួយព្យាបាលជំងឺ ជួយសង្គ្រោះជីវិតទារកនិងកុមារ ហើយជាកន្លែងដែលផ្តល់ក្តីសង្ឃឹមរស់ដល់អ្នកជំងឺកុមារដោយក្រុមគ្រូពេទ្យទេវតា

អគារផ្នែកជំងឺកុមារកម្ពស់ ២ជាន់មានតម្លៃជិត ១ លានដុល្លារ ជាអំណោយរបស់ មណ្ឌលថែទាំសុខភាពកុមារចេនឡា គឺជាគម្រោងប្រកបដោយសារៈសំខាន់ និងចាំបាច់ក្នុងការចូលរួមធ្វើទំនើបកម្មវិស័យសុខាភិបាល និងអភិវឌ្ឍសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសការព្យាបាលជំងឺជូនកុមារនៅតាមបណ្តាខេត្តក្នុងភូមិភាគឦសានកាន់តែទទួលបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។

  នេះការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារថ្មីចំនួន ១អគារ កម្ពស់ ២ជាន់ បណ្តោយប្រវែង ៤០ម៉ែត្រ និងទទឹង ១៤ម៉ែត្រ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ជាអំណោយរបស់មជ្ឈមណ្ឌលថែទាំសុខភាពចេនឡា ។

  ពិធីសម្ពោធអគារផ្នែកជំងឺកុមារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ លោក William Housworth ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិនៃអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ។

  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អគារព្យាបាលជំងឺផ្នែកកុមារថ្មីនេះបានបង្កើនសមត្ថភាពបន្ថែមដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះក្នុងការព្យាបាលជំងឺជូនកុមារ និងធ្វើឱ្យកាន់តែមានជំនឿទុកចិត្តបន្ថែមទៀតពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តជាប់គ្នា លើការផ្តល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកសេវាថែទាំងសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ គ្រប់ជាន់ថ្នាក់បានរួមសហការគ្នាជាមួយរដ្ឋបាលខេត្ត និងជាពិសេសមន្ទីរសុខាភិបាលខេត្តក្នុងការ ផ្តល់ការគាំទ្រសម្ភារៈ បរិក្ខាដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងឱសថខ្លះសម្រាប់ការព្យាបាលជូនដល់ប្រជាពលរដ្ឋតាមរយៈសកម្មភាពនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែល ឯកឧត្តម បានបង្កើតឡើងដើម្បីចូលរួមសកម្មភាព មនុស្សធម៌ផង និងរុញសេវាសុខាភិបាលទៅដល់បងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល ឬប្រជាពលរដ្ឋដែលលំបាកធ្វើដំណើរមកកាន់មន្ទីរពេទ្យ។ ទោះបីជាសកម្មភាពនេះតិចតួចដែលរៀបចំឡើងមួយដងក្នុងមួយខែ ប៉ុន្តែបានចូលរួមជាមួយរាជរដ្ឋាភិបាលផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋរាប់ពាន់នាក់។ ឯកឧត្តម មានជំនឿជឿជាក់ថាអគារពេទ្យនេះ នឹងបម្រើសេវាយ៉ាងសកម្មចូលរួមកាត់បន្ថយអត្រាមរណភាពទារក និងកុមារដោយផ្ដល់នូវការព្យាបាលជំងឺសម្រាប់កុមារនិងទារកក្នុងខេត្តក្រចេះ និងបណ្តាខេត្តនានាជាពិសេសផ្តល់ភាពងាយស្រួល និងរុញសេវាបានជិតប្រជាពលរដ្ឋនៅក្នុងបណ្តាខេត្តនៅភូមិភាគឦសានដែលពីមុនធ្លាប់តែឆ្ងាញ ប៉ុន្តែឥឡូវនេះ បានកៀកជិត និងប្រកបដោយជំនឿទុកចិត្តខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាញទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទៀតដូចពីមុន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យមានការរីកចម្រើន ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដឹកនាំពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ 

  ឯកឧត្តម រដ្ឋមន្ត្រី ឈាង រ៉ា មានប្រសាសន៍ថា អគារផ្នែកជំងឺកុមារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីបម្រើដល់សេវាសុខាភិបាលជូនដល់កុមារប្រកបដោយស័ក្តិសិទ្ធិភាពដល់កុមារកម្ពុជា ជាពិសេសកុមារ និងទារកនៅក្នុងមូលដ្ឋានខេត្តក្រចេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា វិស័យសុខាភិបាល រីកចម្រើនទៅបានទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ខណៈនៅមូលដ្ឋានខេត្តក្រចេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ គឺបានធ្វើសកម្មភាពជាច្រើនជាមួយនឹងវិស័យសុខាភិបាល ក្នុងមូលដ្ឋាន ហើយបានចូលរួមចំណែកយ៉ាងសំខាន់លើផ្នែកសុខុមាលភាពរបស់ប្រជាជនជាមួយក្រសួងសុខាភិបាល។

អគារផ្នែកជំងឺកុមារថ្មី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមខែមករា ឆ្នាំ២០២៥ ដោយបានចំណាយថវិកាសរុប ៩៤៥,៥៦០$ ជាអំណោយដ៏ថ្លៃថ្លារបស់របស់ អង្គការមជ្ឈមណ្ឌល ថែទាំសុខភាពចេនឡា ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ ។

  មណ្ឌលថែទាំសុខភាពកុមារចេនឡា Chenla Children’s Health Care ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមការងារមួយក្រុមមានទស្សនៈវិស័យរួមគ្នាមកពីកម្ពុជា កាណាដា អូស្ត្រាលី សិង្ហបុរី អាឡឺម៉ង់ និងប្រទេសមួយចំនួនផ្សេងទៀត។ 

  លោក William Housworth ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិនៃអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា បានថ្លែងថា ក្រុមការងារមួយនេះនៅតែជឿជាក់ថា កុមារកម្ពុជា មានសិទ្ធិទទួលបាននូវជីវិតរស់នៅប្រកបដោយសុខភាពល្អ និងសុភមង្គល ទោះបីជាពួកគេស្ថិតនៅក្នុងគ្រួសារក្រីក្រ ឬមាននោះទេ។ ក្រុមការងារនេះបានយល់យ៉ាងច្បាស់អំពីមូលហេតុនៃបញ្ហាប្រឈមជាច្រើន ដែលនាំឱ្យមាន មរណភាពកុមារនៅក្នុងតំបន់ ដូចដែលយើងបានដឹងសព្វថ្ងៃនេះ។

  ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិនៃមណ្ឌលថែទាំសុខភាពកុមារចេនឡា បានសំដែងនូវសេចក្តីសោមនស្សរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅរកគោលដៅ នៃការផ្តល់ការថែទាំសង្គ្រោះអាយុជីវិតកុមារគ្រប់រូបនៅក្នុងតំបន់នេះដែលមានតម្រូវការ។ តាមរយៈនេះ Chenla Children’s Health Care ក៏មានបំណងក្នុងការពង្រីកសកម្មភាពរបស់ខ្លួនទៅតាមខេត្តបន្ថែមទៀត ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែង និងសហប្រតិបត្តិការបន្ថែមទៀត ៕