ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News»  ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា

   តាមរយៈយុទ្ធនាការនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងឡាយ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល ។ រាល់ពេលប្រើបណ្តាញសង្គម ត្រូវគិតដល់គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលអាចកើតឡើង។

  ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» នៅព្រឹថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង២៥ ថ្នាក់ដឹកនាំសមាគមសារព័ត៌មាន និស្សិតមកពី DMC និងតាមប្រព័ន្ធវីដេអូ Zoom មានអភិបាលរងរាជធានី ខេត្តទទួលបន្ទុកព័ត៌មាន សមាជិកអ្នកនាំពាក្យរាជធានី ខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន សរុបប្រមាណ ១ ០០០នាក់ ។

  ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា 

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ធ្វើឡើងផ្តោតជាសំខាន់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងជ្រៀតចូលលើបណ្ដាញទំនាក់ ទំនងសង្គម TikTok Facebook និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនផ្សេងទៀត ។ 

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ព័ត៌មានក្លែងក្លាយនៅកម្ពុជា ភាគច្រើនគឺកើតចេញពីក្រុមជនអគតិមួយចំនួននៅក្រៅប្រទេស ដែលមានចរិតញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើស ហើយចរិតឬក៏គោលបំណងក្នុងការបង្កើតព័ត៌មានក្លែងក្លាយទាំងឡាយ គឺធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាជន ដើម្បីធ្វើយ៉ាងណាបង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ក៏ដូចជាការរើសអើង ហើយទម្លាក់ជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ចំពោះដំណឹងក្លែងក្លាយ (Fake News) ត្រូវបានគេបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេងជាដើម ហើយផ្សព្វផ្សាយនៅលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information។ ដូច្នេះហើយទើបក្រសួងព័ត៌មាន រៀបចំការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រលប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតជាសំខាន់ចំនួន៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម ៕