ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាការចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដើម្បីធានាបានសន្តិសុខព័ត៌មានសម្រាប់មនុស្សគ្រប់រូប និងប្រជាជនកម្ពុជា

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាការចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដើម្បីធានាបានសន្តិសុខព័ត៌មានសម្រាប់មនុស្សគ្រប់រូប និងប្រជាជនកម្ពុជា,
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» នៅព្រឹថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ដោយ មានការអញ្ជើញចូលរួមផ្ទាល់និងតាមZoom មកពីគ្រប់មជ្ឈដ្ឋាន ដូចជា យុវជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន KoL អ្នកមានឥទ្ធិពល និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គម សិស្ស និស្សិត មកពីស្ថាប័នថ្នាក់ក្រោមជាតិ រួមមានអ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាននៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរព័ត៌មាន ២៥ រាជធានី-ខេត្ត ប្រមាណ ១ ០០០នាក់។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សានានា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។ ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍ នយោបាយ សកម្មទុច្ចរិត និងអាជីវកម្មជាដើម ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនថា ប្រភេទព័ត៌មានក្លែងក្លាយមានបីប្រភេទ៖
១. ព័ត៌មានក្លែងបន្លំ (Disinformation)
ប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ទប្រទេសណាមួយ។
២. ព័ត៌មានបំភ្លៃ (Malinformation)
ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ ។
៣.ព័ត៌មានភាន់ច្រឡំ (Misinformation)
ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬ ចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ ។
ដូច្នេះតាមរយៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក៏ជាការក្រើនរំលឹកដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប នឹងផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រកបដោយការទទួលខុសត្រូវ និងពិចារណាឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មាន។ កម្រិតយល់ដឹងសាធារណៈនៃអក្ខរ កម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នឹងកើនឡើង៖ ម្នាក់ៗជាពលរដ្ឋឌីជីថលល្អ ចេះប្រើប្រាស់ព័ត៌មាន និង បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ចូលរួមការពារសុវត្ថិភាពក្នុងសង្គម។ តសមរយៈផែនការ និងសកម្មភាពការងារជាច្រើនដែលបានដាក់ចេញ និងអនុវត្តន៍ជាលទ្ធផលរំពឹងទុករយៈពេលវែង៖ ចំនួនព័ត៌មានក្លែងក្លាយនឹងថយចុះជាអតិបរមា នៅលើបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ៕