ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីការផ្លាស់ប្តូរបទសម្ភាសរួមគ្នា ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសារព័ត៌មានកម្ពុជា និងសារព័ត៌មានចិន,

(ភ្នំពេញ) វេទិកាស្តីពីការផ្លាស់ប្តូរបទសម្ភាសរួមគ្នា ដែលរៀបចំឡើងដោយ កាសែត People’s Daily បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារសុខាភ្នំេពញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

អង្គវេទិកាក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ឯកឧត្តម Jiang Nan ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ នៅកម្ពុជា, លោក Zhang Nian Sheng ប្រធានការិយាល័យកាសែត People’s Daily ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក សម្រាប់វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសារព័ត៌មានកម្ពុជា និងសារព័ត៌មានចិន៕

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា វេទិកាស្តីពីការផ្លាស់ប្តូរបទសម្ភាសរួមគ្នា ដែលបានធ្វើឡើងនាឱកាសនេះ បានផ្តល់នូវឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរ បទពិសោធ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជានិងចិន ដែលទាក់ទងភាពរីកចម្រើននៃប្រទេសទាំងពីរ និងជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យ ព័ត៌មាននិងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមសម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។ ផ្សារភ្ជាប់ជាមួយកម្មវិធីនាថ្ងៃនេះ ដំណើរទស្សនកិច្ច សារព័ត៌មានរួមកម្ពុជា-ចិន បានផ្តោតជាសំខាន់លើគម្រោងអភិវឌ្ឍន៍ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និង ផ្លូវ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីគោលជំហររួមគ្នា ក្នុងការលើកកម្ពស់ភាពយល់ដឹង ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែងរវាងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ ៕