ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកការចុះធ្វើជំរឿនមន្ត្រីរាជការសុីវិលនៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឲ្យបានច្បាស់លាស់,

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានរៀបចំពិធីបើកការចុះធ្វើជំរឿនមន្ត្រីរាជការសុីវិលនៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឲ្យបានច្បាស់លាស់។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង ៥ អស់លោក លោកស្រី ជាអគ្គនាយករង ទទួលបន្ទុកកិច្ចការងារធនធានមនុស្ស ប្រធាននាយកដ្ឋាន និងប្រធានមន្ទីររាជធានី ខេត្តទាំង២៥ ។
លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការរៀបចំចុះធ្វើជំរឿនមន្ត្រីរាជការសុីវិលនៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺធ្វើឡើងស្របតាមវិធានការគន្លឹះដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងស្របតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងទិន្នន័យនិងស្ថានភាពមន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់ គឺតម្រូវឱ្យពិនិត្យឡើងវិញលើកម្រិតសិក្សា ជំនាញវិជ្ជាជីវៈធៀបនឹងការងារដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាព និងរៀបចំពង្រាយមន្ត្រីរាជការឱ្យទៅបម្រើ ការងារឱ្យចំគោលដៅនិងចំណេះជំនាញរបស់ខ្លួន ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើប្រក្រតីភាពនៃការស្នើដំឡើងឋានន្តរស័ក្តិនិងថ្នាក់មេដាយនិងគ្រឿងឥស្សរិយយស ជាដើម ដើម្បីធានាឱ្យបានថាមន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្តនិងការទទួលស្គាល់លើស្នាដៃនិងផលិតភាពការងាររបស់គាត់ ៕