ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទេសចរណ៍ ជាមួយក្រសួងព័ត៌មាន រួមទាំងអ្នកសារព័ត៌មានទាំងអស់ដែលរួមគ្នាផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យចម្បងមួយក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញកំណើនថវិកាជាតិ ការវិនិយោគ និងបង្កើនការងារជូនប្រជាជន,
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអរគុណដល់ស្ថាប័ន អង្គភាពទាំងរដ្ឋ និងឯកជន ដែលមានគុណតម្លៃ និងមានគុណធម៌លំដាប់ជាតិមួយ ដោយបានចូលរួមផ្សព្វផ្សាយព័ត៌មានជាច្រើន ដើម្បីធ្វើឲ្យភ្ញៀវទេសចរជាតិ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ បានឃើញពីសក្តានុពលនៃគោលដៅទេសចរណ៍ដ៏សម្បូរបែបរបស់ ព្រះរាជាណាចក្រអច្ឆរិយៈ ព្រមជាមួយផលិតផលទេសចរណ៍ប្រកបដោយ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដែលរួមមានបេតិកភ័ណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរដែលប្រកបដោយសន្តិភាព និងភាពកក់ក្ដៅ។
ដូច្នេះជាទិសដៅបន្តទៅមុខទៀតដើម្បីអោយវិស័យទេសចរណ៍មានការរីកចម្រើនបន្ថែមទៀត គឺទាមទារមានកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យព័ត៌មានដែលផ្នែកមួយសំខាន់ក្នុងការផ្សព្វផ្សាយ លុបបំបាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធវិស័យទេសចរណ៍ ដើម្បីការអភិវឌ្ឍឧស្សាហ៍កម្មទេសចរណ៍នៅកម្ពុជាកាន់តែរឹងមាំ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ ស្នើដល់អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រនូវប្រធានបទរបស់ក្រសួងទេសចរណ៍ គឺ “ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ “
“ ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ” ។
នេះជាការថ្លែងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញជាអធិបតី«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ»
ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនអ្នកសារព័ត៌មាន ពីសក្តានុពលទេសចរណ៍របស់កម្ពុជា និង ផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាព កក់ក្តៅ ស្នាមញញឹម ផាសុកភាព និងសុវត្ថិភាព ដើម្បីបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា។ ការផ្សព្វផ្សាយនាឱកាសនេះ ធ្វើឡើងខណៈប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងបង្កឱ្យមានការយល់ច្រឡំ និងផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ ផងដែរ ៕