ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងថា ធនធានមនុស្សដែលល្អ គឺមានសមត្ថភាព មានស្នាដៃ ទេពកោសល្យ មានសុខភាពរឹងមាំ  មានគុណធម៍ មានសីលធម៍ សុជីវធម៍ ការគោរពដឹងគុណ គឺជាមូលធនមនុស្សដែលពេញលេញសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ

     នៅក្នុងសង្គមនេះបានផ្តល់តម្លៃដល់អ្នកចេះដឹង ដូច្នេះត្រូវប្រឹងប្រែងសិក្សារៀនសូត្រ កសាងនូវសមត្ថភាពអោយបារឹងមាំ ហើយប្រកាន់យកអោយបាននូវចំណេះដឹង ខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ព្យាយាមអំណត់ និងភាពស្មោះត្រង់

  នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ លោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «និទ្ទេស A» ចំនួន ៥៦នាក់ នៅទូទាំងខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងព័ត៌មាន ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស ចំរ៉ុង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ។

   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្តហរា បានលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «និទ្ទេស A» ទាំងអស់បន្តប្រឹងប្រែងសិក្សារៀនបន្ថែមទៀតនៅសាកលវិទ្យាល័យ ហើយត្រូវជ្រើសនូវឯកទេសដែលត្រូវនឹងឧបនិស្ស័យរបស់ខ្លួនយើង ព្រមជាមួយការសម្រេចចិត្តដោយឈរលើមូលដ្ឋានដែលតម្រូវទៅលើទីផ្សារ តែកុំរង់ចាំទីផ្សារ ។ ជាមួយនេះ សូមឲ្យនិស្សិតដែលទើបចូលសិក្សានៅសកលវិទ្យាល័យ កុំជ្រើសរើសជំនាញទៅតាមគេ ឬតាមគ្នា ត្រូវយល់ខ្លួនឯងថាអ្វីដែលយើងចង់ អ្វីដែលយើងយល់ថាមានសមត្ថភាព ជាឧបនិស្ស័យដែលធ្វើអោយយើងងាយស្រួលក្នុងការបង្កើនសមត្ថភាព ។ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លើកទឹកចិត្តដល់សិស្ស និស្សិតទាំងអស់ដែលមកបន្តការសិក្សានៅភ្នំពេញ ត្រូវប្រកាន់នូវគោលការណ៍ឯករាជ្យភាព និងម្ចាស់ការលើខ្លួនឯងអោយច្បាស់លាស់ អប់រំខ្លួនឯងកុំអោយបែកឆ្វេង ប្រយ័ត្នប្រយែងសិក្សាស្វែងយល់អោយបានច្បាស់លាស់ ទោះបីយើងរៀនពូកែជាប់និទ្ទេស A ក៏ដោយ តែបើការ សម្រេចចិត្តខុស ១វិនាទី ទៅប្រើប្រាស់គ្រឿងញៀន ឬបង្កើនបញ្ហាអ្វីមួយខុសច្បាប់ នោះអនាគត ដែលយើងបានគូសវាសទៅថ្ងៃខាងមុខនឹងរលាយអស់តែម្តង ។ ឯកឧត្តម បានគូសបញ្ជាក់ថា មនុស្សម្នាក់ត្រូវមានធាតុបីសំខាន់ក្នុងខ្លួន “ សុខភាព ចំណេះដឹង សីលធម៍ “ ដែលត្រូវប្រកាន់យក ហើយការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញកិច្ចការងារអោយបានល្អ គឺជាការកែខៃនូវជីវភាព ក៏ដូចជាវាសនារបស់យើងបានរុងរឿង ។ អ្វីដែលសំខាន់ផងនោះ គឺនៅពេលរៀនចប់ មានការងារធ្វើ មានជីវភាពធូរធារ មានតូនាទីបុណ្យស័ក្ដិយ៉ាងណាក៏ដោយ តែសូមកុំភ្លេច ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានបង្រៀន និងផ្តល់ឱវាទដល់យើង ហើយអ្វីដែលគ្រូប្រឹងប្រែងបង្រៀនមិនចង់បានអ្វីពីសិស្សនោះទេ គឺគ្រាន់តែចង់អោយសិស្សពេលជួបគាត់ ស្គាល់គាត់បានហើយ គឺអគ្រូស់ចិត្តហើយ ។

    ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេតហរ ភក្តហរា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់អំណោយលើកទឹកចិត្តសិស្សនិទ្ទេស A ដោយក្នុងម្នាក់ៗទទួលបានជាសម្ភាររួមមាន៖ នាឡិកា Honor Choice  ០១គ្រឿង, Honor Tumblr ០១គ្រឿង, Honor Mouse Pad ០១គ្រឿង, សៀវភៅ “ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន” ០១ក្បាល, សៀវភៅ “លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា” ម្នាក់ៗ០១ក្បាល ៕