ឯកឧត្តម លួ រ៉ាបូ សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសន្តិភាព មានសុខសន្តិភាព ទើបមានសុខដុមនីយ៍កម្មគ្រួសារ និងសាសនា
ខេត្តព្រៃវែង : ឯកឧត្តម លួ រ៉ាបូ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពោធិ៍រៀង ថ្លែងបែបនេះក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលបានប្រារព្ធធ្វេីនៅវិទ្យាល័យហ៊ុន សែន ពោធិ៍រៀង ដោយមានការចូលរួមពីលោកអភិបាលស្រុក ព្រះសង្ឃ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំឃុំ ក្រុមប្រឹក្សាឃុំ កិច្ចការនារីឃុំ ស្មៀនមណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ប្រជាការពារ នាយកសាលា អាចារ្យ គណៈកម្មការវត្ត យុវជនកាយរិទ្ធ កាកបាទក្រហម ស.ស.យ.កប្រជាពលរដ្ឋគ្រប់ភូមិ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៤៨៣អង្គ/នាក់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ។
ក្នុងនាមក្រុមការងារ ក្នុងឱកាសនោះ ឯកឧត្តម លួ រ៉ាបូ បានថ្លៃងថា ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ជាទុនឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម លួ រ៉ាបូ បានថ្លែងបន្តថា ថ្នាក់ដឹកនាំជំនាន់មុនបានតស៊ូធ្វើពលិកម្មគ្រប់បែបយ៉ាងជម្នះរាល់ឧបសគ្គនិងការលំបាករាប់ម៉ឺនជំពូកក្នុងបុព្វហេតុជាតិមាតុភូមិនាំប្រទេសជាតិចេញផុតទាំងស្រុងពីគ្រោះប្រល័យពូជសាសន៍ក្រោមនយោបាយឈ្នះ ឈ្នះ យើងបញ្ចប់សង្គ្រាមនាំមកនូវការ ឯកភាពជាតិ ឯកភាពទឹកដី បង្កើតបាននូវសន្តិភាព ពេញលេញ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានសន្តិភាព និរន្តភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ឯកឧត្តម លួ រ៉ាបូ បានថ្លែងបន្តដោយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន.ម៉ាណែត បន្តរក្សាបាននូវសុខសន្តិភាព មាន “សន្តិភាព ទើបមានការអភិវឌ្ឍ” ហើយអ្វីៗទាំងអស់រីកចម្រើនលូតលាស់ទៅបានគឺជាផ្លែផ្កានៃសុខសន្តិភាព មានវិបុលភាព មានសុខដុមនីយ៍កម្មគ្រួសារ សុខដុមនីយ៍កម្មសាសនា ហើយបាននឹងកំពុងធ្វើដំណើរទៅមុខតាមទិសដៅមាគ៌ានយោបាយដ៏ត្រឹមត្រូវឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។