ឯកឧត្តម វង សូត ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តហ្វូជាន
ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅដល់ក្រុងហ្វូចូវ ខេត្តហ្វូជាន ដោយសុវត្ថិភាព នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន។ ឯកឧត្តម វង សូត បានឈ្លាតឱកាល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូ ជូអ៊ី លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន។ ឯកឧត្តម ចូ ជូអ៊ី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា។ ឯកឧត្តម ចូ ជូអ៊ី បានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីការអភិវឌ្ឍ និងសក្តានុពលនៃខេត្តហ្វូជាន ដែលជាខេត្តមួយធ្លាប់ត្រូវបានដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ឯកឧត្តម មានប្រសាសន៍ថា ឯកឧត្តម ស៊ី ជីនពីង នៅតែអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តហ្វូជាននេះជាញឹកញាប់ និងផ្តល់អនុសាសន៍ឱ្យបន្តសម្រេចផែនការអភិវឌ្ឍខេត្តហ្វូជាន ព្រមទាំងជំរុញឱ្យខិតខំធ្វើទំនើបកម្ម និងបើកចំហរសេដ្ឋកិច្ចនៃខេត្តនេះឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តម បានបន្តថា សព្វថ្ងៃខេត្តហ្វូជាន មានការអភិវឌ្ឍយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប និងកំពុងតែជំរុញអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល តាមការចង្អុលបញ្ហាពី ឯកឧត្តម ស៊ី ជីនពីង ផងដែរ។ ឯកឧត្តម ចូ ជូអី សង្ឃឹមថា ឯកឧត្តម វង សូត និងគណៈប្រតិភូ នឹងបានទស្សនាកំសាន្តខេត្តហ្វូជាន ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាត ព្រមទាំងសិក្សាស្វែងយល់ពីការអភិវឌ្ឍនៃខេត្តនេះ។ ជាការឆ្លើយតប ឯកឧត្តម វង សូត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំខេត្តហ្វូជានគ្រប់រូប ព្រមទាំងបានអរគុណចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានសំដែងការកោតសរសើរចំពោះការអភិវឌ្ឍជឿនលឿននៃខេត្តហ្វូជាន។ ឯកឧត្តម ក៏បានបង្ហាញភាពស្ញប់ស្ញែងចំពោះ ការដឹកនាំរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកបដោយទស្សនៈវែងឆ្ងាយ ដោយឯកឧត្តមនៅតែបន្តពិនិត្យ និងផ្តល់អនុសាសន៍ជំរុញការអភិវឌ្ឍខេត្តហ្វូជាននេះ។ ឯកឧត្តម វង សូត បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់រហូតក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ការផ្លាសប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការជ្រើសរើសយក ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម បានជម្រាបជូនឯកឧត្តម ចូ ជូអ៊ី ថា ថ្មីៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនផងដែរ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនតំណាងទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាលទ្ធផលគួរជាទីមោទន ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ បានចុះកិច្ចព្រមព្រៀងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាប្រជាជនចិតតំណាងទូទាំងប្រទេស។ ជាចុងក្រោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងឯកឧត្តម ចូ ជូអ៊ី បានឯកភាពគ្នាក្នុងការជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងខេត្តហ្វូជាន ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ គួរបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងបន្តធ្វើដំណើរទៅកាន់ស្រុកណានពីង នៃខេត្តហ្វូជាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលរៀបចំនៅទីនោះ៕