ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី “ក្រពើហា”

ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី “ក្រពើហា “ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៍ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋ ហើយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ និង ថ្ងៃ ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។
ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តប្រជុំនទី “ក្រពើហា” ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា រួមនិងញាតិមិត្ត បងប្អូន និងពុទ្ធបរិស័ទទាំអស់ដែលចូលរួមកាន់វេណ បិណ្ឌទី៤ ក៏បានប្រមូលបច្ច័យ តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្ត ចំនួន១៥លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលដែលបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចំរើនរុងរឿង ជារៀងរហូត។ ជាមួយគ្នានេះ បានប្រគេនបច្ច័យសម្រាប់លោកគ្រូចៅអធិការវត្ត រួមមាន៖ ស្លាដក១ បច្ច័យ១លានរៀល
ព្រះសង្ឃធ្វើកិច្ច ៨អង្គ ក្នុង១អង្គៗ ស្លាដក១ បច្ច័យ១០ម៉ឺនរៀល
ប្រគេនបច្ច័យសម្រាប់ព្រះសង្ឃ ២២១ អង្គ ក្នុង១អង្គៗ បច្ច័យ
២ម៉ឺនរៀល លោកតាគណកម្មការ ១៥នាក់ ក្នុង១នាក់ៗ ថវិកា
៣ម៉ឺនរៀល យាយជី-តាជី ៥០នាក់ ក្នុង១នាក់ៗ ថវិកា១ម៉ឺន រៀល។ ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនវត្តប្រជុំនទី “ក្រពើហា” រួមមាន អង្ករ ៤០បេ ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស ត្រីខ២កេះធំ និងមីម៉ាម៉ា ២កេសធំ ៕