ឯកឧត្តម វង សូត អញ្ជើញទទួលសា្វគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា របស់គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយឯកឧត្តម ត្រិន ថាញ់មិន (H.E. Mr. Tran Thanh Man) ប្រធានរដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រោងជួបសវនាកា និងជំនួបទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាព្រះមហាក្សត្រ និងចូលជួបសម្តែងការគួរសមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  ព្រមទាំងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នៅអគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញចូលក្នុងកិច្ចប្រជុំICAAP និងកិច្ចប្រជុំIPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕