ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះ សំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ខេត្តព្រះសីហនុ ក្នុងសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ៨តុលា ឆ្នាំ២០២៤ ចំនួន ៤៥នាក់

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ៨តុលា ឆ្នាំ២០២៤ ចំនួន ៤៥នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានអបអរសាទរ និងកោតសរសើរប្អូនៗសិស្សនិទ្ទេសAទាំង ៤៥រូប ដែលខិតខំសិក្សារៀនសូត្ររហូតទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះ ដែលជាជោគជ័យមួយធំធេងក្នុងឆាកជីវិតរបស់ប្អូនដែលបានចំណាយពេលវេលារយពេល ១២ឆ្នាំ ពិសេសភាពជោគជ័យរបស់អាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ដែលជាឳពុកម្តាយទីពីរក្នុងការជួយបណ្តុះបណ្តាលអប់រំប្អូនៗ ហើយភាពរឹមាំ និងឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រធ្វើឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវឈានទៅ ទទួលបានជ័យលាភីនាពេលនេះ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ចាក់ថា រាជរដ្ឋា ភិបាលអណត្តិទី៧ នៃរដ្ឋសភា បានកំណត់ទិសដៅ សំខាន់ៗចំនួន៥ ក្នុងនោះ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសកត្តាធនធានមនុស្សមានភាពរឹងមាំ ចេះដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព  ដូច្នេះប្អូនៗជាធនធានពោពេញដោយចំណេះដឹង និងបំណិនជីវិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ: ព្រមទាំងបានធ្វើការណែនាំដល់សិស្សជ័យលាភីឪ្យជ្រើស រើសមុខវិជ្ជាដែលខ្លួនពេញចិត្ត ពិសេសមុខវិជ្ជាដែលយកមកអភិវឌ្ឍខេត្តព្រះសីហនុ ត្រូវចេះចាប់យកឪកាសព្រោះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាខេត្តដែល មានសក្តានុពលផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលជាចក្ខុវិស័យក្នុងការដឹកនាំអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅសម្រេចជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជនខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មនសិការវិជ្ជាជីវៈថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សី ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង៖ ៨តុលា ២០២៤ បានទទួលលទ្ធផលយ៉ាងត្រចៈត្រចង់គួរជាទីមោទក  ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុ បេក្ខជនដែលបានដាក់ ពាក្យប្រឡងសរុបចំនួន ១.៩០២នាក់ ស្រី ៩៨៣នាក់ ប្រឡងជាប់ចំនួន ១.៥៩៧នាក់ ស្មើនឹង ៨៣,៩៦% ស្រី ៨៧៨នាក់ស្មើនឹង ៨៩,៣២% ក្នុងនោះ ៖

• បេក្ខជនជាប់និទ្ទេសA៖ ៤៥នាក់ ស្រី ២៤នាក់

• បេក្ខជនជាប់និទ្ទេសB៖ ១៨៦នាក់ ស្រី ១១៥នាក់

• បេក្ខជនជាប់និទ្ទេសC៖ ៣២៩នាក់ ស្រី ២១០នាក់

• បេក្ខជនជាប់និទ្ទេសD៖ ៥១៦នាក់ ស្រី ២៧៥នាក់

• បេក្ខជនជាប់និទ្ទេសE៖ ៥២១នាក់ ស្រី ២៤៩នាក់

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរដល់ក្មួយៗ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវពិនិត្យជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្តនៅថ្នាក់ឧត្តមសិក្សា បន្តការខិតខំព្យាយាមរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួនធ្វើអំពីល្អ ដើម្បីភាពរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន សារធាតុញៀនផ្សេងៗ ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ខ្សែក្រវ៉ាត់ ពាក់មួកសុវត្ថិភាព កុំសេពគ្រឿងស្រវឹងពេលបើកបរដោយត្រូវគោរពតាមទិសស្លោក «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

ដើម្បីត្រៀមខ្លួនក្លាយជាយុវជនល្អ ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ នាពេលអនាគតប្រកបដោយមន សិការវិជ្ជាជីវៈ ការទទួល ខុសត្រូវសីលធម៌ល្អ និងការដាក់ខ្លួនបម្រើ ប្រជាជនដោយស្មោះស ក្នុងបុព្វហេតុជាតិ មាតុភូមិដ៏ថ្លៃថ្លារបស់យើង ។