ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់

នាសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីចប់កម្មវិធីផ្សព្វផ្សាយសន្និបាតបក្សនាពេលព្រឹក ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ទទួលបានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម ថន ថុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកន្ទួត និងក្រុមការងារបានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងជូនជាអំណោយ និងថវិកាមួយចំនួនដែលបានការជួយឧបត្ថមពីសមាគមការពារសន្តិភាព ដើម្បីចូលរួមដោះស្រាយទុក្ខលំបាកចំពោះមុខ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់ បង្កអោយប៉ះពាល់ដល់ផ្ទះសម្បែងចំនួន១០គ្រួសារ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ និងគ្រួសារខ្វះខាតចំនួន១០គ្រួសារផ្សេងទៀត សរុប២០គ្រួសារ នៅឃុំកន្ទួត ស្រុកចិត្របុរី។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តាំផ្ញើរការសួរសុខទុក្ខពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ នូវការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអោយមានការប្រុងប្រយ័ត្ន និងផ្តល់ព័ត៌មានអោយទាន់ពេលវេលានូវគ្រោះឧបហេតុធម្មជាតិនេះ។
រូបថត: គាំ ចាន់ដារ៉ា