ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន ព្រមទាំងបានរៀបចំពិធីតាមបែបសាសនា នៅគេហដ្ឋាននៃសព និងដោយមានការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ពីថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈប្រតិភូតាមបណ្តាក្រសួងស្ថាប័ន ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា កម្មវិធី បុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី គង់ សំអុល និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយឡែកសម្រាប់ពិធីដង្ហែ សព សម្តេចចៅហ្វាវាំង គង់ សំអុល នឹងប្រារព្ធរៀបចំពិធីចេញពីគេហដ្ឋាននៃសព ឆ្ពោះទៅកាន់មេរុ នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤។
រូបភាព៖ Kul Renny AKP