ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ លោក Lee Kwok Lun តារាសម្ដែងភាពយន្តហុងកុងដោយផ្តោតលើគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៍ និងការឱកាសវិនិយោគជាច្រើននៅកម្ពុជា,
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន លោក Mr. Lee Kwok lun ជាតារាភាពយន្តចិន ហុងកុងដ៏ល្បីរយៈពេល ៤៩ឆ្នាំមកហើយមកនេះ បានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សព្វផ្សាយពីការពិត និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ។
លោក Lee Kwok lun បានគូសបញ្ជាក់ដែរថា ការមកជួបថ្នាក់ដឹកនាំក្រសួងព័ត៌មាននាឱកាសនេះ គឺមានគោលបំណងដើម្បីពិភាក្សាការងារអំពីឱកាសវិនិយោគលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ស្របតាមកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីកិច្ចសហការលើវិស័យព័ត៌មាន គឺមានវិស័យជាច្រើនដែលអ្នកវិនិយោគចិនកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ហើយតាមរយៈការយល់ដឹងលើការផ្សព្វផ្សាយបសននឹងកំពុងតែមានសក្តានុពល និងជម្រុញដល់កំណើន សេដ្ឋកិច្ចជាតិនៅកម្ពុជា តាមរយៈការបង្កើតមាតិកាព័ត៌មាននៅលើបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយឯកជនជាដើម។ លោក Lee Kwok Lun បានបញ្ជាក់ដែរថា លោកនឹងនាំយកការវិនិយោគពីហុងកុងលើវិស័យព័ត៌មានមកកម្ពុជា ព្រមទាំងធ្វើការផ្សព្វផ្សាយពីវប្បធម៌ ពាណិជ្ជកម្ម និងភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់លោកLee Kwok Lun ដែលមានគោលបំណងចង់ចូលរួមរបស់វិស័យឯកជនលើវិស័យព័ត៌មាន ហើយចូលរួមជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំផងដែលថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបឌីជីថលនៅទីក្រុងហុងកុង នឹងនាំយកការវិនិយោគលើវិស័យផ្សព្វផ្សាយព័ត៌មានមកកម្ពុជា នាពេលខាងមុខ ដែលជួយជម្រុញឱ្យវិស័យព័ត៌មាននៅកម្ពុជាមានការីកចម្រើនបន្ថែមទៀត៕