ឯកឧត្តម សុខ ប្រសិទ្ធិ ស្វាគមន៍នាយកវិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពនៃសាកលវិទ្យាល័យ Hunan ប្រទេសចិន ដែល ចង់សិក្សាស្វែងយល់ឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាវិស្វកម្មឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងវិស័យផ្សេងទៀតនៅកម្ពុជា

ឯកឧត្តម សុខ ប្រសិទ្ធិ  ស្វាគមន៍នាយកវិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពនៃសាកលវិទ្យាល័យ Hunan ប្រទេសចិន ដែល ចង់សិក្សាស្វែងយល់ឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាវិស្វកម្មឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ  និងវិស័យផ្សេងទៀតនៅកម្ពុជា, 

   នៅក្នុងឱកាសអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន លោក

សាស្ត្រាចារ្យ Li Bojing អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ខេត្ត Hunan ជា នាយកវិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពនៃសាកលវិទ្យាល័យ Hunan ប្រទេសចិន មានកិច្ចសម្របសម្រួលដោយ លោកឧកញ៉ា លី ឃុន ប្រធានសមាគម  កម្ពុជា-ចិន ទាក់ទាញអ្នកវិនិយោគ បានគូសបញ្ជាក់ពីគោលបំណង

ពិនិត្យពិភាក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាវិស្វកម្មឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងវិស័យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ។

   ឯកឧត្តម សុខ ប្រសិទ្ធិ បានសំដែងនូវការស្វាគមន៍ចំពោះការចង់មកធ្វើការវិនិយោគទុននៅកម្ពុជាលើវិស័យបច្ចេកវិទ្យាវិស្វកម្មឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ របស់វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពនៃសាកលវិទ្យាល័យ Hunan ប្រទេសចិន ។

  ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាមានសុខសន្តិភាព និងសុវត្ថិតភាពល្អ ជាមួយនេះ ឯកឧត្តម ក៏បានលើកឡើង អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងកម្ពុជា និងចិន ដោយភាគីទាំងពីរបានឯកភាពធ្វើឱ្យកាន់តែស៊ីជម្រៅនូវការបន្សុីគ្នាជាយុទ្ធសាស្ត្ររវាងយុទ្ធសាស្ត្របច្ចកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងសម្រេចបាននូវការអភិវឌ្ឍរួមប្រកបដោយចីរភាព និងគុណភាពខ្ពស់។

   ឯកឧត្តម រដ្ឋលេខាធិការ លើកឡើងពីចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរពិតជារឹងមាំក្នុងរយៈពេលជាង ៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន ដោយមានកិច្ចសហប្រតិបត្តិការជាច្រើនទាំងវិស័យការទូត នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងបានឯកភាពបង្កើនទំនាក់ទំនងទ្វេភាគីភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ 

  លោកសាស្ត្រាចារ្យ Li Bojing បានគូសបញ្ជាក់ថា លោកជាអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពនៃសាកលវិទ្យាល័យ Hunan ចិន ដែលទទួលបានប្រាក់ឧបត្ថម្ភជាពិសេសពីរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាអំពីផែនការសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា។ លោកសាស្រ្តាចារ្យ បានជម្រាបជូនថា មានក្រុមហ៊ុនមួយដែលមានអាយុកាល១៤ឆ្នាំ ជាក្រុមហ៊ុនថាមពលអគ្គិសនី បានចាប់ដៃជាមួយក្រុមហ៊ុនព្រះអាទិត្យក្រហម លក្ខណៈរបស់រដ្ឋ និងឯកជន។ នៅឆ្នាំនេះក្រុមហ៊ុនមានគម្រោងវិនិយោគចំនួនដើមទុន ៧០០លានដុល្លា លើគម្រោងសូឡា និងខ្យល់ ព្រមទាំងការផលិតអាគ្គិសនី។ ក្រុមហ៊ុននេះមានលំដាប់ទី១៩ ក្នុងវិស័យថាមពលនៅប្រទេសចិន។ លោកសាស្រ្តាចារ្យ មានសង្ឃឹមថា គម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យនេះនឹងទទួលបានការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចដំណើរការងារបានដោយរលូន ៕