ឯកឧត្តម សុខ សប្បាយណា ÷ “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” ទោះបីជាយុវជនចូលរួមជាការស្ម័គ្រចិត្តក៏ពិតមែន តែការអនុវត្តការងារគឺមានភាពច្បាស់លាស់ ម្ចាស់ការ ដោយមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់

“ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” ទោះបីជាយុវជនចូលរួមជាការស្ម័គ្រចិត្តក៏ពិតមែន តែការអនុវត្តការងារគឺមានភាពច្បាស់លាស់ ម្ចាស់ការ ដោយមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។ ឯកឧត្តម បញ្ជាក់បែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញធ្វើបទបង្ហាញក្នុងសិក្ខាសិលាតម្រង់ទិសជូនអ្នកស្ម័គ្រចិត្តនៃព្រឹត្តិការណ៍”អង្គរសង្រ្កាន្ត“ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលចំនួនយុវជនស្ម័គ្រចិត្តមានជាង ៣ ពាន់នាក់ ក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តម សុខ សប្បាយណា ណែនាំនិងតម្រង់ទិសដល់ប្អូនៗដែលជាអ្នកស្ម័គ្រចិត្តថា ÷ ជារៀងរាល់ឆ្នាំ នៃការរៀបចំអង្គរសង្រ្កាន្ត យុវជនដែលចង់ស្ម័គ្រចិត្ត គឺមានលើសតម្រូវការ ជាក់ស្តែងរបស់ក្រុមការងារ។ ដូច្នេះ ស.ស.យ.ក. តែងតែធ្វើការសម្ភាសន៍ ចម្រាញ់ និងសម្រាំងជាច្រើនដំណាក់កាលដើម្បីឲ្យសមស្របទៅតាមតម្រូវការងារ។ ជាងនេះទៅទៀត ក្រុមការងារជំនាញតាមផ្នែកនីមួយៗ ក៏មានការកំណត់គុណវុឌ្ឍិក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្តនីមួយៗយ៉ាងជាក់លាក់។
ឯកឧត្តមបញ្ជាក់ទៀតថា ការងារស្ម័គ្រចិត្តព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានបង្កើតឱកាសសម្រាប់យុវជន ហើយឆ្នាំនេះយើងចម្រាញ់យកយុវជនស្ម័គ្រចិត្តសរុបប្រមាណ ៥,២៧៧នាក់ (៣,៣៨៧នាក់ពីរាជធានីភ្នំពេញ) ដើម្បីចូលរួមកិច្ចការសង្គម ដែលជាឱកាសរៀនសូត្រដ៏ល្អមួយសម្រាប់យុវជនក្នុងការអភិវឌ្ឍទាំងជំនាញរឹងមានន័យថា (ការសម្តែង ការលេងល្បែងប្រជាប្រិយ) និងជំនាញទន់មានន័យថា (ការដឹកនាំក្រុមទំនាក់ទំនង ការដោះស្រាយឧបសគ្គ)។
ប្រធានបទឆ្នាំនេះគឺ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” គឺជាការបង្ហាញពី ការរីករាយ ការស្វាគមន៍ឆ្នាំថ្មី ការចែករំលែកសេចក្តីស្រលាញ់ និងការសាទរនូវ វប្បធម៌ខ្មែរដ៏រុងរឿង។ គោលបំណងនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ “មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី។