ឯកឧត្តម ហង្ស សាមឿន បិទវគ្គបណ្តុះបណ្តាល ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបគ្រោះអាសន្នអាស៊ាន លើកទី១៦ នៅកងពលពិសេសលេខ៩១១ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជា អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងឯកឧត្តមកិត្តិង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានអញ្ញើញជាអធិបតីភាពនាព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបគ្រោះអាសន្នអាស៊ាន» លើកទី១៦ នៅកងពលពិសេសលេខ៩១១នៃព្រះរាជាណាចក្រកម្ពុជា។ពិធីវគ្គបណ្តុះបណ្តាលនេះរៀបចំមូលនិធិសមាហរណកម្មជប៉ុនអាស៊ាន (JAIF)សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គាំទ្រដល់ការពង្រឹងសមត្ថភាព អាស៊ាន អ៊ារ៉ាត់ រួមទាំង អង្គការយូអិន (UNOCHA), អង្គការម៉ែបអាក់សិន (MapAction) កាកបាទក្រហមកម្ពុជា និងអង្គការឌីភីអេ (DPA)និងសមាជិកអាស៊ាន។
លោក លី យាំម៉ីង (Lee Yam Ming) នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌល-អាហានិងលោក នូប៊ូ មូរី លេខាទី១ នៃស្ថានបេសកកម្មជប៉ុន ប្រចាំអាស៊ានបានលើកឡើងថាវគ្គបណ្តុះបណ្តាល «ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបគ្រោះ អាសន្នអាស៊ាន» លើកទី១៦ ក្នុងគោលបំណងបំពាក់បំប៉នដល់សិក្ខាកាមនូវ ជំនាញ ចំណេះដឹង និងការត្រៀម រៀបចំ ក្នុងប្រតិបត្តិការ ដែលជាតម្រូវការ ដើម្បីបម្រើជាអ្នកឆ្លើយតបជួរមុខ ក្នុងគ្រាមានវិបត្តិ។តួនាទីរបស់ អាស៊ាន-អ៊ារ៉ាត់ (ASEAN-ERAT) គឺមានសារៈសំខាន់ក្នុងការធានាថា តំបន់អាស៊ានរបស់យើង បានត្រៀមរៀបចំរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព នៅពេលគ្រោះមហន្តរាយកើតឡើង។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែពង្រឹងជំនាញបច្ចេកទេសដល់សិក្ខាកាម ឱ្យកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដែលកំណត់បញ្ចាក់ដោយសហគមន៍ អាស៊ានរបស់យើង។ ទន្ទឹមនឹងនេះ សិក្ខាកាមទាំងអស់ជាផ្នែកមួយ នៃក្រុមអ្នកឆ្លើយតបដ៏ឆ្នើម ដែលនឹងទទួលខុសត្រូវ អនុវត្តន៍រួម របស់អាស៊ានក្នុងការការពារជីវិត សម្រាលទុក្ខលំបាក និងជួយដល់ជនងាយ រងគ្រោះបំផុត នៅពេលមានតម្រូវការ។
ថ្លែងបិទក្នុងឱកាសនះឯកឧត្តម ហង្ស សាមឿន មានប្រសាសន៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មជ្ឈមណ្ឌល-អាហា (AHA Centre), ប្រទេសសមាជិកអាស៊ាន, គ្រូឧទ្ទេសនាម, អ្នកសម្របសម្រួល និងដៃគូគាំទ្រ ទាំងអស់ ដែលបានរួមចំណែកដល់ភាពជោគជ័យ នៃវគ្គបណ្តុះបណ្តាលនេះ។ឯកឧត្តម ហង្ស សាមឿន ក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា សូមកោតសសើរគាំទ្រចំពោះសិក្ខាកាម និងអ្នកជំនាញទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ក្នុងការពង្រឹងយន្តការ ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ាននៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។
ឯកឧត្តម ហង្ស សាមឿន បានជំរុញនិងសូមលើកទឹកចិត្តអស់លោក លោកស្រី ឱ្យអនុវត្តន៍ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាននៅទីនេះ ដោយ ប្រែក្លាយទៅជាការអនុវត្តរបស់ អស់លោក លោកស្រី ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ នាពេលអនាគត។ការប្តេជ្ញាចិត្ត ដែលមិនផ្លាស់ប្តូររបស់ អស់លោក លោកស្រី បានធ្វើឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ទទួលបាន ជោគជ័យយ៉ាងធំធេង ដោយធានាថាតំបន់អាស៊ានរបស់យើង ប្រកបដោយភាពធន់ និង ត្រៀមរៀបចំបានល្អ សម្រាប់គ្រោះអាសន្ន កើតឡើងនាពេលអនាគត។វគ្គបណ្តុះបណ្តាលនេះ បានពង្រឹងសមត្ថភាពរួមគ្នា អាស៊ានមួយ ការឆ្លើយតបមួយ។ ចូរយើងបន្តរក្សាការប្តេជ្ញាចិត្តនេះ និងធ្វើការរួមគ្នាដើម្បីបង្កើន ការត្រៀមរៀបចំ ការឆ្លើយតប និងការស្តារឡើងវិញ នៃគ្រោះមហន្តរាយ នៅទូទាំងតំបន់អាស៊ាន របស់យើង។