ឯកឧត្តម ហង្ស សាមឿន បើកកម្មវិធីបង្ហាញផ្លូវ អាស៊ានមួយ ការឆ្លើយតបមួយ នៅកម្ពុជា ដោយការគាំទ្រពីមជ្ឈមណ្ឌលអាហា ក្នុងកិច្ចសម្របសម្រួលគំនិតផ្តួចផ្តើមក្នុងតំបន់ ឆ្ពោះទៅកាន់ចក្ខុវិស័យរបស់អាស៊ាន និងក្លាយខ្លួនជាអ្នកដឹកនាំពិភពលោក លើការងារគ្រប់គ្រង គ្រោះមហន្តរាយ
ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី កម្ពុជា និងជាអនុប្រធានទី២ គ.ជ.គ.ម. តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិតីភាពក្នុងកម្មវិធីបង្ហាញផ្លូវ អាស៊ានមួយ ការឆ្លើយតបមួយ នៅកម្ពុជា។
ពិធីនេះក៏មានការចូលរួមពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង លោក លី យ៉ាំម៉ឹង (Lee Yam Ming) នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអាហារ, ព្រមទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ កាកបាទក្រហមកម្ពុជា និងវិស័យឯកជន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។
រំលេចថា អាស៊ាន ប្រទេសជាសមាជិកអាស៊ានប្រចាំនៅកម្ពុជា មជ្ឈមណ្ឌលសម្របសម្រួល ភ្នាក់ងារសហប្រជាជាតិ និងអង្គការជាតិ-អន្តរជាតិ ដើម្បីធ្វើតេស្ត លើកិច្ចសហប្រតិបត្តិការ នៅកម្រិតជាតិ និងកម្រិតអាស៊ាន ក្នុងការឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ។
កម្មវិធី « បង្ហាញផ្លូវ អាស៊ានមួយ ការឆ្លើយតបមួយ» គឺជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពជាច្រើន ស្ថិតក្រោមកម្មវិធីការងារ ឆ្នាំ២០២១-២០២៥ នៃកិច្ចព្រមព្រៀង អាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) និងជា ផែនការរបស់មជ្ឈមណ្ឌលអាហា ក្នុងដំណើរការកម្មវិធីនេះ ដោយផ្ទាល់ជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន ចាប់តាំងពី២០២៣ រហូតមក។កម្មវិធី « បង្ហាញផ្លូវ អាស៊ានមួយ ការឆ្លើយតបមួយ » នឹងជួយសម្រួលដល់ការចូលរួម បស់អ្នកពាក់ព័ន្ធទាំងអស់ យ៉ាងទូលំទូលាយ និងកម្រិតខ្ពស់ រវាងអ្នករៀបចំគោលនយោបាយ សស់ប្រទេស និងភាគីអ្នកពាក់ព័ន្ធ ក្នុងការងារមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ សំខាន់ជាងនេះទៀត អំពីរបៀបដែលវិស័យនេះ អាចសម្របសម្រួល និងពង្រីកភាពជាដៃគូ ឱ្យកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ កំពុងកើតឡើង និងការផ្លាស់ប្តូរ ទិដ្ឋភាពមនុស្សធម៌ នៅក្នុងប្រទេស និងនៅក្នុងតំបន់។គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមាន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ ជាសេនាធិការផ្ទាល់ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្ត សេចក្តីថ្លែងការណ៍ អាស៊ានមួយ ការឆ្លើយតបមួយ។ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិកអាស៊ាន នឹងអាចដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បង្កដោយ គ្រោះមហន្តរាយ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងឈានទៅកសាងសហគមន៍អាស៊ាន ប្រកបដោយភាពធន់ ។
ក្នុងនាមឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម.ឯកឧត្តម អនុប្រធានទី២ ហង្ស សាមឿន មានប្រសាសន៏ថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់លើ ការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាសមាជិកអាស៊ាន ភាគីអ្នកពាក់ព័ន្ធ ដើម្បីកសាងសហគមន៍ ប្រកបដោយភាពធន់ដែលសកម្មភាពទាំងនេះ នឹងត្រូវអនុវត្តន៍ដោយផ្អែកលើ លិខិតបទដ្ឋានគតិយុត្ត ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កម្ពុជា ។គ្រោះមហន្តរាយ មិនមានព្រំដែនទេ ដោយរំលឹកយើងថា សុវត្ថិភាព និងសុខុមាលភាពរួម របស់យើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ក្នុងបរិបទនេះ ត្រូវបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជារាជរដ្ឋាភិបាល ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនហើយសំខាន់បំផុត គឺសហគមន៍របស់យើង។ ឯកឧត្តម មានប្រសាសន៏លើកឡើងថាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ លើសមត្ថភាព នៃការឆ្លើយតបគ្រោះមហន្តរាយ ដោយបានវិនិយោគលើការពង្រឹងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន បង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ចំនួន ១៦កង ស្មើ ១,៩២០នាក់ រៀបចំកសាង ផែនការត្រៀមបម្រុងថ្នាក់ជាតិសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ព្រមទាំងគាំទ្រដល់ រាជធានី ខេត្តទាំង២៥ ដើម្បីរៀបចំកសាងផែនការ ត្រៀមបម្រុងថ្នាក់ រាជធានី ខេត្ត សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួត ផងដែរ។ ឯកឧត្តមហង្ស សាមឿន លើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ត សេចក្តីថ្លៃការណ៍ អាស៊ានមួយ ការឆ្លើយតបមួយ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ «លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះអាសន្ន គ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-2025)» ដែលគ្រោងនឹងអញ្ជើញ អ្នកពាក់ព័ន្ធប្រមាណ ៤០០នាក់ មកពីបណ្តា ប្រទេសជាសមាជិកអាស៊ាន ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជានិង រដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រើនូវយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ាន និងពង្រឹងសមត្ថភាពក្នុងការឆ្លើយតប គ្រោះមហន្តរាយ រួមគ្នា។ ឯកឧត្តមហង្ស សាមឿន សង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចយកវេទិកានេះ ធ្វើការចែករំលែក នូវបទពិសោធន៍ល្អៗ និងបញ្ហាប្រឈមនានានៅកម្រិតជាតិ និងកម្រិតតំបន់ ដើម្បីឱ្យយើង ទាំងអស់គ្នា អាចស្វែងយល់បានកាន់តែស៊ីជម្រៅ អំពីយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិ និងថ្នាក់តំបន់អាស៊ាន ដែលនឹងអាចត្រួសត្រាយផ្លូវ ឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយ ប្រកបដោយភាពធន់ ។