ឯកឧត្តម ហួត ហាក់ ជំនួបពិភាក្សាការងារជាមួយ លោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd.
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍ បានអនុញ្ញាតជូនលោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងធ្វើបទបង្ហាញលើកម្មវិធីព័ត៌មាន វិទ្យាគ្រប់គ្រងទេសចរណ៍ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ បូកបញ្ចូលគ្នារវាងបញ្ញាសប្បនិមិត្ត (AI) ទិន្ន័យដ៏ច្រើន (Big Data) និងរូបភាពថតពីផ្កាយរណប ហៅថា “Tourism One-Map” ដែលមានមុខងារជាច្រើនដូចជារូបភាព ព័ត៌មានពីគោលដៅទេសចរណ៍ និងការបង្ហាញទីតាំងសាធារណៈជាចំណតរថយន្ត បន្ទប់ទឹកសាធារណៈ សណ្ឋាគារ ព្រមទាំងលំហូរទេសចរ ការគ្រប់គ្រងប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព (អាចផ្តល់ពីច្រករំដោះចេញពេលមានឧបទ្ទវហេតុ ឬ ការកកកុញមនុស្សច្រើន) ចំនួនបន្ទប់សណ្ឋាគារដែលនៅសល់ ការប្រមូលទិន្នន័យពីទេសចរមកតំបន់ផ្សេងៗ ទំហំចំណាយរបស់ទេសចរម្នាក់ៗ។ល។
កម្មវិធីនេះ និងកម្មវិធីសម្រាប់ការគ្រប់គ្រងទិន្នន័យ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់ដែលជាក្រុមហ៊ុនធំ និងចំណាត់ថ្នាក់ទី១ នៅក្នុងខេត្ត Heilongjiang ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋបាលខេត្តធំៗ មួយចំនួនក្នុងប្រទេសចិន ក្រុមហ៊ុនឯកជនទាំងអស់ជារបស់រដ្ឋ ឬ រដ្ឋនិងឯកជនធំៗ និងសកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិន។
តាមរយៈបទបង្ហាញនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកត់សំគាល់និងវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកម្មវិធីនេះ សម្រាប់ប្រើប្រាស់សិក្សាលើថ្លៃដើម និងថ្លៃប្រតិបតិ្តការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ផែនការអាជីវកម្ម រួមទាំងការតាក់តែងផែនការ និងគោលនយោបាយទេសចរណ៍ដែលជាទេសចរណ៍មានលក្ខណៈវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ធុរកិច្ច ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ៕