ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានសមាជិកចំនួន៤០០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ
កាលពីរសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានឧកញ៉ា ឆាយ ស៊ីវលីន ជាប្រធានសមាគម និងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានារបស់សមាគម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះព្រះរាជាណាចក្រកម្ពុជា សម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមលើការប្តេជ្ញា និងការចូលរួមចំណែកក្នុងការជួយជំរុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា សមាគមនឹងនៅតែបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា រាល់កង្វល់នានា, បញ្ហាប្រឈម, សំណូមពរដែលសមាគមបានលើកឡើងនៅក្នុងកិច្ចពិភាក្សានាល្ងាចនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងទទួលយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា ៕