ឯកឧត្តម ហួត ហាក់ សំណេះសំណាល ជាមួយបេក្ខនារី Miss Grand International មកពី ៧៥ប្រទេស ដែលកម្ពុជា សហការរៀបចំ ធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកម្មវិធីកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ (Miss Grand International) ឆ្នាំ២០២៤

ឯកឧត្តម ហួត ហាក់ សំណេះសំណាល ជាមួយបេក្ខនារី Miss Grand International មកពី ៧៥ប្រទេស ដែលកម្ពុជា សហការរៀបចំ ធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកម្មវិធីកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ (Miss Grand International) ឆ្នាំ២០២៤

—–

នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាល ជាមួយ Miss Grand International មកពី ៧៥ប្រទេស ដែលនឹងត្រូវចូលរួមការប្រកួត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី៣-១៣ ខែតុលា ឆ្នាំ២០២៤។ 

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈគ្រប់គ្រងកម្មវិធី និង Miss Grand International ដែលមកពី ៧៥ប្រទេស ព្រមទាំងក្រុមការងារមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ 

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថាការរៀបចំ កម្មវិធី Miss Grand International នៅប្រទេសកម្ពុជា សបញ្ជាក់ថាប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពដែលកម្មវិធីនេះនឹងបង្ហាញឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីកម្ពុជា ជាប្រទេសដែលពោរពេញដោយសុខសន្ដិភាព ស្ថេរភាពនយោបាយ មានសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដោយប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា។ កម្ពុជាជាប្រទេសដែលមានប្រជាជនពោរពេញដោយស្នាមញញឹមទទួលស្វាគមន៍យ៉ាងកក់ក្ដៅ មានប្រាង្គប្រាសាទដ៏អស្ចារ្យ សម្បត្តិវប្បធម៌ដែលមានប្រវតិ្តដ៏យូរលង់ និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង សម្រាប់ទស្សនាកម្សាន្ដ និងសម្រាកលំហែកាយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ Miss Grand International ទាំង៧៥ប្រទេស នឹងធ្វើដំណើរកម្សាន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងជួយផ្សព្វផ្សាយបន្ថែមទៀតពីទេសចរណ៍កម្ពុជា និងជួយជំរុញយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»។ 

ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿថាតាមរយៈព្រឹត្តិការណ៍មួយនេះ កម្ពុជានឹងបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ដ៏សម្បូរបែបទៅកាន់ពិភពលោក ដោយកម្មវិធី Miss Grand International  ទទួលបានការទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក ជាពិសេសពីបណ្ដាប្រទេសនានាដែលបេក្ខនារី Miss Grand International ទស្សនានិងបោះឆ្នោតជូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនក្រមារូបផ្ការំដួល តំណាងអត្តសញ្ញាណជាតិ ដល់បេក្ខនារី Miss Grand International ទាំង៧៥ប្រទេស ជាអនុស្សាវរីយ៍។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាស្របនឹងពាក្យស្លោកថា៖ ១) ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា! និង ២) ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ ៕