ឯកឧត្តម ហេង រតនា ប្រគល់រង្វាន់ម៉ូតូដល់សិស្សជាប់និទ្ទេសA និងប្រគល់កុំព្យូទ័រដល់គណៈគ្រប់គ្រងសាលានៅស្រុកលើកដែក ខេត្តកណ្តាល

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក និង លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់រង្វាន់ជូនដល់សិស្សានិសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង(ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤) និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ទូទាំងស្រុកលើកដែក ស្ថិតក្នុងវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ការអប់រំល្អ និងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ព្រមទាំងទាក់ទាញការវិនិយោគ ធុរកិច្ចបន្ថែមទៀត ពោលការអប់រំល្អ នឹងនាំមកដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈឆ្លើយតបកាន់តែមាន ប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍសង្គមជាតិ។ ជារួមការពិធិសំណេះសំណាល និងប្រគល់រង្វាន់នេះនឹងជួយដាស់តឿនស្មារតីសិស្សានុសិស្សអោយយកចិត្តទុកដាក់ខ្ពស់លើការសិក្សារបស់ខ្លួនគ្រប់ពេល ខណៈការសិក្សារៀនសូត្រមិនត្រឹមតែអនុវត្តនៅក្នុងវិស័យសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយ តម្រូវអោយមានការបន្តលើកកម្ពស់ និងការអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីធានានូវការផលិតធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ នាំអោយមានការរីកចម្រើន ភាពសុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចិរភាព។ ឯកឧត្តម ហេង រតនា បានបន្តទៀតថា ជាក់ស្តែងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលមានសិស្សជាប់និទ្ទេសA រហូតដល់ទៅ ១៣នាក់ ទូទាំងស្រុកលើកដែក នេះគឺជាសារឆ្លើយតប និងបង្ហាញអំពីការចូលរួមជ្រោមជ្រែង និងជម្រុញអោយមានគុណភាពអប់រំមានភាពល្អប្រសើរនាពេលកន្លងមក និងពេលអនាគត។ ក្នុងន័យនេះក៏ទាមទារអោយសិស្សានុសិស្សត្រូវប្រមូលកម្លាំង និងធនធានសរុប ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាគាំទ្រលើកកម្ពស់វិស័យអប់រំជាតិ ដោយមិនអោយនរណាម្នាក់នៅក្រៅសេវា អប់រំ និងត្រូវបណ្តុះបណ្តាលកូនចៅជាយុវជនជំនាន់ក្រោយអោយក្លាយជាមួលធនមនុស្ស ដែលពោរពេញដោយ សមត្ថភាពពេញលេញ ជំនាញខ្ពស់គ្រប់ៗគ្នា និងប្រកបដោយសក្តានុពល។

ឯកឧត្តម ហេង រតនា និងលោក ចាប ច័ន្ទវិទ្យា ក៏បានប្រគល់រង្វាន់សិស្សនិទ្ទេស A ចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ Hongda Scopy 2024 Smart Key ១គ្រឿងនិងថវិកា ១០ម៉ឺនរៀល, សិស្សនិទ្ទេស B ចំនួន ៧៤នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, សិស្សនិទ្ទេស C + D + E ចំនួន ២៩៤នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល, សិស្សប្រលងធ្លាក់ ចំនួន ២៥នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល ក្នុងនោះឧបត្ថម្ភការិយាល័យអប់រំស្រុក ចំនួន១លានរៀល, ឧបត្ថម្ភវិទ្យាល័យទាំង៣របស់ស្រុកលើកដែក ក្នុង១វិទ្យាល័យទទួលបានថវិកា ១លានរៀល និងកុំព្យូទ័រ Desktop ១ គ្រឿង (៣ ឈុត), ឧបត្ថម្ភលោកគ្រូ អ្នកគ្រូថ្នាក់ទី១២ ទូទាំងស្រុកចំនួន៦៧នាក់ ក្នុងម្នាក់ៗថវិកា៨ម៉ឺនរៀល, ឧបត្ថម្ភសិស្សថ្នាក់ទី១២ថ្មី វិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ចំនួន ២៩៧នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល និងឧបត្ថម្ភសាលាស្រុកសម្រាប់ចាត់ចែងរៀបចំកម្មវិធីនេះថវិកាចំនួន ៧,៧៩០,០០០រៀល សម្រាប់ចាត់ចែងក្នុងកម្មវិធីនេះផងដែរ៕