ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយអភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃខេត្តមីយ៉ាហ្គិ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាពិសេសក្នុងគោលបំណងចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់របស់រដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពោលគឺរដ្ឋាភិបាលជប៉ុនបានជួយយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព និងសក្តានុពល ក៏ដូចជាការផ្តល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទៅធ្វើការនៅក្នុងប្រទេសជប៉ុនថែមទៀត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ ដើម្បីបង្កើនចំនួនកម្មសិក្សាការីកម្ពុជាស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុន សហគ្រាសជប៉ុនដែលត្រូវការកម្លាំងបំពេញការងារ។

ជាការឆ្លើយតប ឯកឧត្តម MURAI Yoshihiro បានជម្រាបជូនថា នៅក្នុងខេត្តមីយ៉ាហ្គិ មានតម្រូវការកម្លាំងពលកម្មជាច្រើន ដូចនេះកម្ពុជាមានកម្លាំងយុវជនជាច្រើនមានសក្តានុពលដែលអាចបំពេញតម្រូវការនេះបាន។ ដូចនេះដែរ ឯកឧត្តមបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌនិងតម្រូវការនៃកម្លាំងពលកម្ម។ ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើក្នុងការបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការសិក្សាភាសាជប៉ុននៅក្នុងវិទ្យាស្ថាន TVET កម្ពុជាផងដែរ។

ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការឯកភាពក្នុងការរៀបចំ និងសហការជាមួយ រដ្ឋបាលខេត្តមីយ៉ាហ្គិ៕