ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា នៅឆ្នាំ2029 កម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច
ក្នុងសន្និសីទថ្នាក់ជាតិ ស្ដីពី សេដ្ឋកិច្ចការងារឆ្នាំ 2024 ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ចនិងការងារ ដំណើរឆ្ពោះទៅកាន់ការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី 11 ខែធ្នូឆ្នាំ 2024 ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺបានកំណត់ថានៅឆ្នាំ2029 ជាឆ្នាំដែលកម្ពុជា នឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។
ឯកឧត្តម ហេង សួរ បានបន្តថា ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺមានទាំងចំណុចប្រឈម និងឱកាសផងដែរ។ ចំណុចប្រឈម ដែលអាចនឹងជួបប្រទះគឺទី១. អាចនឹងបាត់បង់ការអនុគ្រោះពន្ធពីប្រទេសដែលនាំចូលនូវផលិតផល ព្រោះជាទូទៅការអនុគ្រោះពន្ធនេះគេតែងតែផ្តល់ឲ្យបណ្តាប្រទេសដែលអភិវឌ្ឍន៍តិចតួច ដូច្នេះនៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសដែលអភិវឌ្ឍន៍តិចតួចនោះគេនឹងអាចដកការអនុគ្រោះពន្ធកន្លងមកនេះ។ ចំពោះចំណុចទី២.គឺអាចពាក់ព័ន្ធវិធានដើមនៃទំនិញ ព្រោះនៅពេលកម្ពុជាស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច គឺគេទាមទារឲ្យមានវត្ថុធាតុដើម ធាតុចូលពីប្រទេសកម្ពុជាត្រឹម ៣០% គេអាចហៅផលិតផលនោះ ឬសេវានោះផលិតនៅកម្ពុជា។ ប៉ុន្តែនៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេទាមទារឲ្យកម្ពុជាត្រូវមានវត្ថុធាតុដើម និងធាតុចូលរបស់ប្រទេសរហូតដល់ ៦០% ដូច្នេះមានន័យថា កម្ពុជាត្រូវមានខ្សែសង្វាក់ផលិតកម្មវែងជាងមុន ដើម្បីធ្វើយ៉ាងណាយើងអាចយកវត្ថុធាតុដើម និងវត្ថុធាតុផ្សំផ្សេងៗ ដើម្បីផ្គុំគ្នាទៅផលិតផលចុងក្រោយសម្រាប់ការនាំចេញយ៉ាងហោចណាស់ឲ្យបាន ៦០% ពោលគឺមិនមែនពឹងផ្អែកតែលើប្រាក់បៀវត្សរ៍កម្មករនិយោជិកតែមួយនោះទេ គឺថាទាំងវត្ថុធាតុដើមក៏ត្រូវផលិតបន្ថែមទៀតដែរ ដែលនេះជាចំណុចប្រឈម។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ដែលថា ទន្ទឹមនេះការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក៏ជាឱកាសផងដែរដើម្បីឲ្យតួអង្គពាក់ព័ន្ធទាំងអស់នឹងខិតខំបន្ថែមទៀតដើម្បីធ្វើពិពិធកម្មឧស្សាហកម្មហើយនឹងរួមគ្នាជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេសដើម្បីធ្វើយ៉ាងណាពង្រីកខ្សែសង្វាក់ផលិតកម្មឱ្យបានកាន់តែវែង ហើយក៏ជាឱកាសសម្រាប់ឧស្សាហកម្មផ្សេងទៀតអាចនឹងពិចារណាមកកាន់កម្ពុជាផងដែរនៅពេលដែលយើងក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូលខ្ពស់ជាងមុន ហើយប្រសិនបើយើងអាចគ្រប់គ្រងនិងត្រៀមខ្លួនបានល្អនោះយើងនឹងទទួលបានផលប្រយោជន៍កាន់តែច្រើនជាងមុន។បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធនិងគ្រប់ក្រសួងស្ថាប័នទាំងអស់ដើម្បីធ្វើតារាងសកម្មភាពដែលគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវរួមគ្នាធ្វើដើម្បីធានាថានៅឆ្នាំ 2029 នៅពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះ យើងមានលក្ខខណ្ឌបំពេញបន្ថែមដើម្បីធ្វើយ៉ាងណាធានាបានថាយើងមិនជាប់នៅក្នុងអន្ទាក់នៃបញ្ហាប្រឈមណាមួយនោះទេហើយយើងអាចគ្រប់គ្រងបាននិងធ្វើដំណើរយ៉ាងស្វាហាប់ដើម្បីពង្រីកឧស្សាហកម្មនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមជម្រាបជូនថា នេះជាលើកទី១ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសន្និសីទថ្នាក់ជាតិ ស្តីពី សេដ្ឋកិច្ចការងារឆ្នាំ២០២៤ ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានគាំទ្រពី អង្គការសហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា អង្គការអន្តរជាតិ ILO និងស្ថាប័ន្ធពាក់ព័ន្ធជាច្រើនផងដែរ។