ឯកឧត្តម ហែម វណ្ណឌី ទទួលជួបសហព័ន្ធដំឡូងមីកម្ពុជា និងជំរុញការកែច្នៃបន្ត

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបប្រតិភូមកពីសហព័ន្ធដំឡូងមីកម្ពុជា ដឹកនាំដោយ ឧកញ៉ា ច្រាយ សុន ដើម្បី ពិភាក្សាអំពីយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍអនុវិស័យដំឡូងមីរបស់កម្ពុជា។ កិច្ចប្រជុំបានផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងឱកាសពង្រីកសក្តានុពលសេដ្ឋកិច្ចនៃអនុវិស័យនេះ តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក និងផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។

នៅក្នុងកិច្ចប្រជុំនេះ ឧកញ៉ា ច្រាយ សុន បានលើកឡើងពីសក្តានុពលដ៏ធំនៃអនុវិស័យដំឡូងមី និងបានរាយការណ៍ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា។ មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម ៕