ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប
នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ បានអញ្ចើញដើម្បីពិនិត្យការផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសមន្ត្រីរើសរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល។
បេក្ខជនចំនួន ៨១នាក់បានប្រឡងជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែករុនតាឯក និងពាក់ស្នែង។ ក្នុងនោះ ៣៦នាក់ ស្រី ២៤នាក់ ជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និង៤៥នាក់ ស្រី២៨នាក់ ជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង។
ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា តំណាងមហាជន អ្នកសារព័ត៌មាន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
គួររំលឹកផងដែរថាការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ រក្សាអោយនៅ ” ។
សូមបញ្ជាក់ថា រាល់ការជ្រើសរើសមន្រ្តីរាជការទាំងអស់គឺឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពនេះ សំដៅធ្វើយ៉ាងណាឱ្យបេក្ខជនទទួលបានសិទ្ធិស្មើៗគ្នា និងមានឱកាសច្រើន ជាពិសេសរក្សាពាក្យស្លោក«ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕