ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញកាត់វិញ្ញាសារការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២)

ព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ បេក្ខជនចំនួន១៥៤អង្គ/នាក់ (ស្រី ៥៤នាក់) ដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី១ ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសាសរសេរលើកទី២)។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើមតាក់តែងនាម៉ោង ៥:៣០នាទីព្រឹក សម្រាប់ដំណើរការប្រឡងប្រជែង នៅម៉ោង ៨:០០នាទីព្រឹក។ 

សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ (១) អធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ (២)ដោះស្រាយបញ្ហាតាមករណីសិក្សា និង (៣)វិញ្ញាសាជំនាញ ពាក់ព័ន្ធរដ្ឋបាលសាធារណៈ, សេដ្ឋកិច្ច-ហិរញ្ញវត្ថុ, នីតិអន្តរជាតិសាធារណៈ និងទំនាក់ទំនងអន្តរជាតិ ។ រាល់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ ជាអ្នករៀបចំតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ព្រមទាំងអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។