ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ លី ប៊ុនសែ រួមទាំងក្រុមគ្រួសារ ចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋចំនួន ១០៣គ្រួសារ នៅក្នុងភូមិពោធិតាប៉ាង និងភូមិ ព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
នៅក្នុងឱកាសនៃពិធីបុណ្យបច្ច័យបួន ជូនចំពោះអ្នកម្តាយ ពិន សុីវឡាំង ដែលមានព្រះជន្ម ៩០ឆ្នាំ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ លី ប៊ុនសែ ព្រមទាំងក្រុមគ្រួសារ បានរៀបចំអំណោយជាស្បៀងអាហារ និងថវិកាចែកជូនដល់បងប្អូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០៣គ្រួសារ មកពីភូមិ ពោធិតាប៉ាង និងភូមិ ព្រែកតាសៅ ។
ពិធីចែកអំណោយសប្បុរសធម៌នេះធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាគេហដ្ឋាន ឯកឧត្តម ឡុង សេង ស្ថិតនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ប្រជាពលរដ្ឋ ដែលរស់នៅភូមិផងរបងជិតគ្នា ដែលបានមកទទួលអំណោយពី ឯកឧត្តម ឡុង សេង និងលោកជំទាវ លី ប៊ុនសែ លោកយាយ ពិន សុីវឡាំង រួមជាមួយក្រុមគ្រួសារនាឱកាសនេះមានចំនួន ១០៣គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន អង្ករ ១បេតូច មី ១កេះ គ្រឿងទេស ១កញ្ចប់ ( ប៊ីចេង ស្កសរ អំបិល ទឹកត្រី ទឹកសុីអុីវ ) ឃីត ១កញ្ចប់ ( សាប៊ូ១ ដុំ ច្រាស់ដុះធ្មេញ ថ្នាំដុះធ្មេញ កន្សែងពោះគោ ១ និងកន្សែងបង់ ក ១ ) រួមជាមួយភេសជ្ជៈ និងថវិកា ២ មុឺនរៀល ។
ឯកឧត្តម ឡុង សេង មានប្រសាសន៍ថា អំណោយដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងនេះគឺជាការចូលរួមរំលែក
នូវការខ្វះខាតក្នុងគ្រួសារ ដូច្នេះអ្វីដែលសំខាន់ចំពោះមុខ គឺបងប្អូនត្រូវបន្តប្រឹងប្រែងប្រកបរបររកសុី និងស្រែចំការ បង្ករបង្កើនផលដំណាំរួមផ្សុំផ្សេងៗ ដើម្បីធ្វើអោយស្ថានភាព ជីវភាពរស់នៅបានល្អប្រសើរឡើងវិញ ៕