ឯកឧត្តម ឧត្តមសនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kenny Lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ និងសហការី
រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Kenny lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ និងសហការី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំនួន២រូបផងដែរ។
ឯកឧត្តម ឧត្តមសនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់ជាតំណាងដ៏ខ្ពង់ខ្ពស់ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Kenny Lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ និងសហការីនៅពេលនេះ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក Kenny Lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ និងសហការី ហើយឯកឧត្តមក៏បានសំណូមពរដល់អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ ជួយបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញ និងឯកឧត្តមត្រៀមខ្លួនជាស្រេចដើម្បីសហការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀននេះ។
ក្នុងឱកាសនោះ លោក Kenny Lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជានាពេលកន្លងមក និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងកិច្ចប្រតិបត្តិការ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀនធំៗជាច្រើនលើកកន្លងមក។