ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ស្នើសុំឱ្យអ្នកចូលរួមទាញយកកម្មវិធីNoDrug មកប្រើប្រាស់ ។

ខេត្តកំពង់ចាម ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំបែបនេះក្នុងវេទិកាផ្សព្វផ្សាយមិត្តអប់រំចិត្ត មិត្តជួយមិត្ត ស្តីពី “សុខភាពអនាម័យ ការសន្សំប្រាក់ បញ្ហាគ្រឿងញៀន យល់ដឹងពីបណ្តាញសង្គម និងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដល់មន្រ្តីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្ស សរុប៩០០នាក់ នៅអនុវិទ្យាល័យ និងបឋមសិក្សារាយប៉ាយ នៅស្រុកកងមាស ខេត្តកំពង់ចាម។

ឯកឧត្តម ហោ ប៉េង សាកលវិទ្យាល័យNUM បានថ្លែងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការបានមានប្រសាសន៍ដោយបានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  និងបានលើកឡើងពីការងារថ្មីបន្ថែមចំនួន៤របស់លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវចូលរួមអនុវត្តនូវប្រធានបទថ្មីបន្ថែមនេះទាំងអស់គ្នាដើម្បីសុខភាពល្អ បរិស្ថានស្អាត។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើលើគ្រប់វិស័យ ក្នុងនោះអ្នករាយប៉ាយបានចូលរួមចំណែកហើយទទួលបាននូវផ្លែផ្កាអភិវឌ្ឍមូលដ្ឋានស្អាត បរិស្ថានល្អ សុខភាពល្អ ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ថ្នល់បេតុង-កៅស៊ូ កូនចៅទទួលបានការរៀនសូត្រខ្ពង់ខ្ពស់មានការងារល្អ និងបានស្នើសុំឱ្យអ្នកចូលរួម ទាញយកកម្មវិធីNoDrug ៖ https://nodrugsnacd.com/download មកប្រើប្រាស់ ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀន។