ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អញ្ជើញជាអធីបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តទទួលអំណរសាទរឆ្នាំថ្មី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្នុងឱកាសត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងឯកឧត្តម ជាអគ្គលេខាធិការរង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិមន្ត សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្រ្តីសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំ្មថ្មី ព្រមទាំងបានរៀបចំនូវពិធីចែកអំណោយរបស់អន្តរក្រសួងជូនដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ប្រមាណជាង២៥០នាក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសារទរទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរ ជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទ នៃអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាស់វៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងឱកាសនៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការ សមាជិក សមាជិកា ក្រោមឱវាទដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ។ ស្ថិតក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការ នៃអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ។
ព្រមទាំងសូមបួងសួង ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត
សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង បន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជា។
បន្ទាប់អំពីកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្តរួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចែកជូននូវអំណោយរបស់អន្តរក្រសួងដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ប្រមាណជាង ២៥០នាក់ ក្នុងមូលដ្ឋាននៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងម្នាក់ៗទទួលបាន គ្រឿងឧបភោគបរិភោគភេសជ្ជៈមានដូចជា ទឹកដោះគោ ស្ករស ទឹកបរិសុទ្ធ ទឹកក្រូច មី នំស្រួយ នំគីឡូ និងថវិកាមួយចំនួនផងដែរ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានរួមសហការសាមគ្គីយកចិត្តទុកដាក់ប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីរួមចំណែកក្នុងផែនការនិងសកម្មភាព ចាប់តាំងពីរាជរដ្ឋាភិបាល អាណត្តិទី ៦ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលបន្តវេនអាណត្តិទី ៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲកេរ្តិ៍ឈ្មោះប្រទេសជាតិ រីកចំរើនរឹងមាំទ្វេរទៀត។