ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ
ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ១០០០នាក់ និងមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ១០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់ នឹងរៀបចំនៅថ្ងៃទី២៤ ខែវិច្ឆិកា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមដំណាលគ្នា ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ។
ការប្រឡងប្រជែងជ្រើសរើស មន្រ្តីកសិកម្មឃុំចំនួន១០០០នាក់ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន៥៦៣៧នាក់ រីឯការប្រឡងប្រជែងជ្រើសរើសមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់ មានបេក្ខជនមានឈ្មោះប្រឡងចំនួន ១០៩នាក់។
ជាមួយគ្នានេះ សម្រាប់ការប្រឡងទាំងនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំតាក់តែងវិញ្ញាសាភ្លាមៗ នៅក្នុងថ្ងៃប្រឡងនីមួយៗ សំដៅធ្វើយ៉ាងណាធានាមិនឱ្យមានការ បែកធ្លាយវិញ្ញាសា។
ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយចំនួន១៨០រូប សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យចំនួន១០ ស្ថាប័ន តំណាងមហាជន ១០នាក់មួយមណ្ឌល អ្នកសារព័ត៌មានចំនួន១០ស្ថាប័ន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៥,៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញកសិកម្ម ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញសាពហុចម្លើយ។ ស្របពេលជាមួយគ្នានេះដែរ បេក្ខជនដែលចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន ១០៩នាក់ ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញព័ត៌មានវិទ្យា, គ្រប់គ្រងធនធានមនុស្ស, គណនេយ្យ និងហិរញ្ញវត្ថុ ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញាសាពហុចម្លើយ។ ការប្រឡងប្រជែងបានចាប់ផ្តើមដំណាលគ្នា នាវេលាម៉ោង ១២ថ្ងៃត្រង់ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕