ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកដំណើរការកំណែវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១
នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ត្រីនៃអគ្គយកដ្ឋានរតនាគារជាតិ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយផ្អែកលើគោលការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមបញ្ជាក់ថា ÷ ការប្រឡងប្រជែងជ្រើសរើស មន្រ្តីកសិកម្មឃុំចំនួន១០០០នាក់ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន៥៦៣៧ នាក់ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញកសិកម្ម ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញសាពហុចម្លើយ។ ជាមួយគ្នានេះដែរ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់ មានបេក្ខជនមានឈ្មោះប្រឡងចំនួន ១០៩នាក់ ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញព័ត៌មានវិទ្យា, គ្រប់គ្រងធនធានមនុស្ស, គណនេយ្យ និងហិរញ្ញវត្ថុ ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញាសាពហុចម្លើយ ដែលបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2024។
ចំណែកការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការជំនាន់ទី 11 និងសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី 13 ក្នុងនោះបេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) បានចូលរួមប្រឡងប្រជែងដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ២ប្រភេទ៖ (១) វិញ្ញាសាសរសេរភាសាអង់គ្លេស ឬភាសាបារាំង និង (២)វិញ្ញសាពហុចម្លើយពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិវិទ្យា, ភូមិសាស្ត្រកម្ពុជា, អាស៊ាន និងសេដ្ឋកិច្ច។
សូមជម្រាបជូនថាក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យ តំណាងមហាជន អ្នកសារព័ត៌មានចំនួន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។