ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកដំណើរការកំណែវិញ្ញាសា (វិញ្ញាសាសរសេរលើកទី២) ក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣

នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២)ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបជូនថា បេក្ខជនចំនួន១៥៤អង្គ/នាក់ (ស្រី ៥៤នាក់) ដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី១ បានបន្តការប្រឡងវិញ្ញាសាសរសេរលើកទី២ដែលបានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ (១) អធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ (២)ដោះស្រាយបញ្ហាតាមករណីសិក្សា និង (៣)វិញ្ញាសាជំនាញ ពាក់ព័ន្ធរដ្ឋបាលសាធារណៈ, សេដ្ឋកិច្ច-ហិរញ្ញវត្ថុ, នីតិអន្តរជាតិសាធារណៈ និងទំនាក់ទំនងអន្តរជាតិ ។ 

សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ វិញ្ញាសាសរសេរលើកទី២ ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត។ ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា តំណាងមហាជន អ្នកសារព័ត៌មានចំនួន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។ 

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ត្រូវឆ្លងកាត់ការប្រឡង៣ដំណាក់កាល។ សម្រាប់បេក្ខជនដែលប្រឡងជាប់លើ វិញ្ញាសាសរសេរលើកទី២នេះ នឹងត្រូវបន្តចូលរួមការប្រឡងដំណាក់កាលចុងក្រោយ គឺវិញ្ញាសាសំណួរផ្ទាល់មាត់៕