ឯកឧត្តម ឯក សំអុល៖ សន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន បង្កើនឧត្តមានុភាពនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន
ឯកឧត្តម ឯក សំអុល៖ សន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន បង្កើនឧត្តមានុភាពនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន
———————–
សៀមរាប៖ រយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សន្និសីទខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងសមាគមមិត្តភាពកម្ពុជា-ចិន សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងស្ថានទូតចិនប្រចាំកម្ពុជា ឆ្លើយតបនឹងឆ្នាំ២០២៤នេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន គឺជាវេទិកាដែលឥស្សរជននយោបាយ ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកតំណាងរដ្ឋបាលមូលដ្ឋានរាជធានី-ខេត្ត ទាំងកម្ពុជា ទាំងចិន មកជួបជុំគ្នាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នា ជំរុញការអភិវឌ្ឍ និងរួមចំណែកតាមស្មារតីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើងទាំងពីរក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។
ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានរំលេចថាអង្គសន្និសីទនេះគឺជាការផ្តល់តម្លៃយ៉ាងក្រៃលែងដល់តំណភ្ជាប់ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ មូលធនមនុស្ស និងប្រជាជនរវាងខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិនស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តម យ៉ាង វ័នមីង (Yang Wanming) ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសបានផ្តោតលើកិច្ចសហការដ៏ជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលក្នុងនោះបង្កើនទាំងគុណភាព ទាំងបរិមាណនៃមូលធនមនុស្ស ព្រមទាំងជំរុញដល់ស្ថាប័នខេត្ត-ក្រុងមេត្រីភាពរបស់ប្រទេសចិនបន្ថែមការផ្តល់អាហារូបករណ៍ដល់កម្ពុជា ដែលជាពិសេសពិចារណាលើកិច្ចសហការជាមួយសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.)។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍យល់ស្របថាការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជានិងចិន ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ»។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានរំលេចថា ខេត្តសៀមរាបក៏ដូចជារាជធានីភ្នំពេញនិងបណ្តាខេត្តដទៃក្នុងប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការអនុវត្តយ៉ាងសកម្មនូវមតិឯកភាពសំខាន់ៗដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីសម្រេចបាននូវរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ត្រូវបានអនុវត្តយ៉ាងពេញលេញកិច្ចសហប្រតិបត្តិការលើវិស័យរវាងខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គមជាតិ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។
គួរបញ្ជាក់ផងដែរថា សន្និសីទរយៈពេល៣ថ្ងៃនេះមានការអញ្ជើញចូលរួមសរុបចំនួន២០០ មកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អាជ្ញាធរអប្សរា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់របស់កម្ពុជា សមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងតំណាងរដ្ឋបាលខេត្តចំនួន៨របស់ចិន ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនសហគ្រាសធំៗរបស់ចិនប្រចាំនៅកម្ពុជាចំនួន១៦ថែមទៀតផង។ បន្ថែមពីលើនេះ ឯកឧត្តម ឯក សំអុល បានដឹកនាំគណៈប្រតិភូចិនសម្រាប់៩៤រូបទៅទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងតំបន់អង្គរ ព្រមទាំងរមនីយដ្ឋាននានាក្នុងខេត្តសៀមរាប ដើម្បីរួមចំណែកទាក់ទាញទេសចរជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជាស្របតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ស្តីពី«ឆ្នាំ២០២៥ ឆ្នាំទស្សនាកម្ពុជា»៕