ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ វិទ្យុក៏នៅដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសំឡេង

វិទ្យុជាឧបករណ៍បញ្ជូនសំលេងមួយដែល នៅតែមានតម្លៃ ហើយវិទ្យុនៅតែជាប្រភពព័ត៌មានមួយដែលគួរអោយទុកចិត្ត ហើយជារបៀបកម្សាន្តសប្បាយ,
ទោះបីក្នុងក្របខណ្ឌបច្ចុប្បន្នបច្ចេកវិទ្យាទំនើប មានការរីកចម្រើន ក៏ប៉ុន្តែប្រជាជនមិនបោះបង់ ចោលការស្តាប់វិទ្យុនោះទេ នៅពេលធ្វើដំណើរតាមឡានក៏បើកវិទ្យុស្តាប់ ហើយប្រជាជននៅតាមទីជនបទកំពុងធ្វើស្រែ ចំការ ក៏នៅតែបើកវិទ្យុស្តាប់កម្សាន្ត និងទទួលបានដំណឹង ព័ត៌មានថ្មីៗដែលកើតមានឡើង ។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីនៃការប្រារព្ធ ទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធក្នុងវិស័យវិទ្យុ រាប់បញ្ចូលទាំង ថ្នាក់ ដឹកនាំក្រសួងព័ត៌មាន ឥស្សរជននិងអ្នកមានបទពិសោធក្នុងការងារគ្រប់គ្រង និងផ្សព្វផ្សាយវិទ្យុ នៅកម្ពុជា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) មន្ទីរព័ត៌មានរាជធានី-ខេត្ត សមាគមវិទ្យុកម្ពុជា តំណាងស្ថានីយវិទ្យុទាំងអស់នៅកម្ពុជា អ្នកសារព័ត៌មាន តំណាងវិស័យឯកជន និងនិស្សិតពីបីសាកលវិទ្យាល័យ នៅរាជធានីភ្នំពេញ សរុបប្រមាណ ៣០០នាក់។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា តួនាទី របស់វិទ្យុមានសារៈសំខាន់ណាស់ នៅពេលប្រព័ន្ធផ្សព្វផ្សាយ Internet អត់ទាន់ដើរ ហើយកាលពីជំនាន់នោះ ប្រព័ន្ធផ្សព្វផ្សាយពិសេសវិទ្យុ ជាផ្នែកមួយក្នុងការបំពងសំឡេង និងពង្រីកសំឡេងរបស់យើងឱ្យបានធំ ។ ការប្រើប្រាស់វិទ្យុគឺជាមធ្យោបាយមួយបានគ្របដណ្តប់ទៅលើសម្លេងច្រើន ។ ដូច្នេះការ ប្រារព្ធទិវាវិទ្យុពិភពលោកនេះឡើង ដើម្បីបង្ហាញអោយឃើញពីសារប្រយោជន៍នៃវិទ្យុ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ វិទ្យុក៏នៅដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសំឡេង, វិទ្យុជាឧបករណ៍បញ្ជូនសំលេងមួយដែលនៅតែមានតម្លៃ , វិទ្យុទោះនៅក្នុងកាលៈទេសៈណាក៏ដោយគឺនៅតែជាប្រភពព័ត៌មានមួយដែលគួរឱ្យទុកចិត្ត ហើយជារបៀបកម្សាន្ត។
ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការរំលឹកឡើងវិញកាលពីអតីតកាល មន្ត្រីនៃវិទ្យុជាតិកម្ពុជា គឺបានលៈបង់ តស៊ូធ្វើកិច្ចការងារតាំងពីនៅវ័យក្មេង រហូត ដល់វ័យចាស់ចូលនិវត្តន៍ បើយើងមើលអោយឆ្ងាយ វិទ្យុគ្រាន់តែជាមធ្យោបាយផ្សព្វផ្សាយសំឡេង ក៏ប៉ុន្តែវិទ្យុជាកន្លែងបណ្តុំគ្រួសារ វិទ្យុជាកន្លែងមួយដែលផ្តល់នូវការងារ វិទ្យុជាកន្លែងមួយដែលអ្នកស្នេហាជាតិ មានសំឡេងល្អ មានទឹកដៃល្អក្នុងការសរសេរអត្ថបទ មានជំនាញក៏អាចចូលរួមជាមួយរដ្ឋាភិបាល ក្នុងការចូលរួមរំដោះប្រទេសជាតិផងដែរ ។ អាចនិយាយបានថា អ្នកធ្វើការងារនៅវិទ្យុក្នុងអតីតកាលដែលប្រទេសកម្ពុជាឆ្លងកាត់ភ្លើងសង្រ្គាម ហើយមិនទាន់មានបច្ចេកវិទ្យាទំនើប វិទ្យុនេះ គឺជាទាហានសតិអារម្មណ៍មួយ ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល កំលាំងកងទ័ព ក្នុងការរំដោះប្រទេស ។ នេះជាមោទនភាពមួយសម្រាប់មន្ត្រីវិទ្យុទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារនៅក្នុងដំណាក់កាលដែលកម្ពុជាជួបលំបាក ក្នុងដំណាក់កាលប្រឈមមុខការគំរាមកំហែង ពីរបបប្រល័យពូជសាសន៍ ឬការវិលត្រឡប់មកវិញ នៃរបបខ្មែរក្រហមសំលាប់មនុស្ស ។ វិទ្យុដើរតួនាទីក្នុងការអំពាវនាវទៅលើជនវង្វេងផ្លូវ ដែលជាកម្មវិធីវិទ្យុមួយ ក្នុងការចូលរួមចំណែកលើការកាត់បន្ថយកំលាំងរបស់ក្រុមជនវង្វេងផ្លូវ ។ វិទ្យុចូលរួមចំណែកក្នុងការផ្តល់ការកម្សាន្ត ដោយនៅអតីតកាលគឺគ្មាន Concert ហើយក៏មិនសូវមានទូរទស្សន៍មើលច្រើនគ្រប់ផ្ទះនោះដែរ តែតាម រយៈមន្ទីរឃោសនាការ នៅតាមស្រុកដែលមាន វិទ្យុបណ្តាញ គឺនៅពេលល្ងាចថ្ងៃសុក្រ ឬថ្ងៃសៅរ៍ គឺមានកម្មវិធីសិល្បៈកម្សាន្តដល់ប្រជាជន ។ ដូច្នេះហើយតាំងពីដើមមកដល់បច្ចុប្បន្ន តួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ ជាពិសេសវិទ្យុជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណមួយប្រភេទមានអាយុកាលជាង ៤ទសវត្ស បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន និងសេរីភាពពេញលេញដូចនាពេល បច្ចុប្បន្ន។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ទន់ សាវ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកវិទ្យុជាតិកម្ពុជា បានធ្វើបទបង្ហាញ “ប្រវិត្តសង្ខេបការវិវត្ត និងតួនាទីរបស់វិទ្យុក្នុងការរំដោះនិងការបង្រួបបង្រួមជាតិកម្ពុជា»
លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានធ្វើបទបង្ហាញ “ស្ថានភាពវិទ្យុនៅកម្ពុជា និងតួនាទីរបស់វិទ្យុក្នុងការលើកកម្ពស់ការយល់ដឹងសហគមន៍ ពីការពីបម្រែបម្រួលអាកាសធាតុ និងការប្រឆាំងព័ត៌មានក្លែងក្លាយ»
លោកជំទាវ រស់ កណ្តាវី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអតីតមន្ត្រីនៃវិទ្យុជាតិកម្ពុជា កាលពីឆ្នាំ១៩៧៩ មក បានធ្វើការចែករំលែកបទពិសោធន៍ពីការងារវិទ្យុរយៈពេលជាង ៤០ឆ្នាំមកនេះ ហើយជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ជាមន្ត្រីជើងចាស់ដែលមានបទពិសោធន៍ និងជំនាញខាងវិទ្យុ ក៏បានលើកបង្ហាញពីប្រវត្តិការងារដែលបានឆ្លងកាត់តាំងពីគ្រាដែលប្រទេសជាតិជួបការលំបាក រហូតដល់មានសុខសន្តិភាព និងភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងព័ត៌មាន បានអោយដឹងថា ដើម្បីចូលរួមអបអរទិវាដ៏មានសារៈសំខាន់ជាសកលនេះ ក្រសួងព័ត៌មានបានរៀបចំកម្មវិធីសំខាន់ៗដូចជា ការបង្ហាញអំពី «ប្រវិត្តនិងការវិវត្តរបស់វិទ្យុក្នុងសង្គមកម្ពុជា» និង «តួនាទីរបស់វិទ្យុក្នុងការលើកកម្ពស់ ការយល់ដឹងសហគមន៍ពីបម្រែបម្រួលអាកាសធាតុ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ការចែករំលែកនិងផ្លាស់ប្តូរ បទពិសោធពីអ្នកជំនាញលើការងារវិទ្យុ ការតាំងពិព័រណ៌សម្ភារចាស់ៗពាក់ព័ន្ធនឹងវិទ្យុជាសាធារណៈ ក្នុងបរិវេណ ទីស្តីការក្រសួង និងការបង្ហាញប្រតិបត្តិការក្នុងស្ថានីយវិទ្យុ ក្នុងចំណោមសកម្មភាពផ្សេងៗទៀត។
ដើម្បីលើកកម្ពស់ការចូលរួមដោយផ្ទាល់របស់សាធារណជនក្នុងការថែរក្សា និងអភិរក្សកេរដំណែល ក៏ដូចជាគុណតម្លៃរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណគ្រប់ប្រភេទ រួមទាំងវិទ្យុ ឱ្យបានគង់វង្សសម្រាប់យុវជនជំនាន់ក្រោយ ក្រសួងព័ត៌មាននឹងរៀបចំបង្កើត «សារមន្ទីរប្រព័ន្ធផ្សព្វផ្សាយ» ដែលប្រមូលផ្តុំនូវសម្ភារឧបករណ៍នានាទាក់ទង នឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតាំងបង្ហាញ និងសម្រាប់ការសិក្សាពីប្រវត្តិសារព័ត៌មាន និងឧបករណ៍ផ្សេងៗទាក់ទង នឹងវិស័យព័ត៌មាននិងសោតទស្សន៍ ៕
