ភ្នំភ្លើងដ៏សកម្មបំផុតមួយក្នុងចំនោមភ្នំភ្លើងចំនួន២៤ទៀតនៅហ្វីលីពីនកំពុងព្រួសផេះដ៏សម្បើមបាញ់ទៅលើផ្ទៃអាកាសកំពស់៤០០០ម៉ែត្រ បង្ករភាពភ្ញាក់ផ្អើលដល់ អ្នកស្រុកក្បែរខាង

ភ្នំភ្លើងដ៏សកម្មបំផុតមួយក្នុងប្រទេសហ្វីលីពីនបានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារនេះ និងព្រួសផេះដ៏សន្ធោសន្ធៅឡើងទៅលើផ្ទៃមេឃរហូតដល់ ទៅជាង៤០០០ម៉ែត្រ។ មកដល់ពេលនេះមិនទាន់មានរបាយការណ៍ភ្លាមៗអំពីចំនួនមនុស្សស្លាប់ និងរបួសពីកម្លាំងផ្ទុះចេញនៃភ្លំភ្លើងចុងក្រោយបំផុតដែលមានឈ្មោះថា Kanlaon (កាឡាអ៊ុន) នេះនៅឡើយទេ ដែលវាស្ថិតនៅលើកោះ Negros ភាគកណ្តាលប្រទេស ប៉ុន្តែឥទ្ធិពលផេះរបស់វាបង្កឱ្យមានក្តីព្រួយបារម្ភអំពីសុខភាពមនុស្សដែរ ដោយសារតែវាបានចុះមកបាចសាចនិងវាយប្រហារភូមិឋានក្បែរភ្នំភ្លើងនោះ។ បច្ចុប្បន្នភ្នំភ្លើង Kanlaon នេះក៏ស្ថិតក្នុងកម្រិតប្រកាសអាសន្នទី៣ ក្នុងចំនោមកម្រិតប្រកាសអាសន្នទី៥របស់ពិភពលោកដែរ។ ភ្នំភ្លើង នេះមានកំពស់ ២,៤៣៥ ម៉ែត្រ គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មបំផុតចំនួន២៤ទៀតក្នុងប្រទេសហ្វីលីពីន ពេលវេលាដែលវាបានផ្ទុះចុងក្រោយគឺនៅក្នុងខែតុលាឆ្នាំមុន ដោយវាបានធ្វើឲ្យអ្នកភូមិរាប់រយនាក់ត្រូវជម្លៀសខ្លួនទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់ភ្លាមៗដែរ។ ភាគច្រើនភ្នំភ្លើងក្នុងប្រទេសហ្វីលីពីនគឺស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលហៅថា “Ring of Fire” ឬ កងរង្វង់ភ្លើង ដែលជាតំបន់ងាយនឹងកើតមានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ហើយជាញឹកញាប់គឺហ្វីលីពីនតែងតែរងនូវការវាយប្រហារដោយព្យុះទីហ្វុង និងព្យុះផ្សេងទៀតប្រហែលជាចំនួន២០ព្យុះក្នុងមួយឆ្នាំៗ ហើយហ្វីលីពីនគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតដែរ នៃគ្រោះមហន្តរាយធម្មជាតិលើពិភពលោក៕
សម្រួលអត្ថបទ៖ សុផារិន្ទ