ឯកឧត្តមបណ្ឌិត ចាយ បូរិន៖ទិវាសកម្មភាពសាសនាដើម្បីកុមារ ជាគោលដៅចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល 

ទិវាសកម្មភាពសាសនាដើម្បីកុមារ ជាគោលដៅចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល តាមរយៈការចូលរួមផ្តល់ការគាំទ្រ និងការការពារកុមារទាំងឡាយឱ្យរួចផុតអំពីអំពើហិង្សា ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើក ទិវាសកម្មភាពសាសនាដើម្បីកុមារក្រោមប្រធានបទ “សាសនាទាំងអស់នៅកម្ពុជារួមគ្នាបញ្ឈប់អំពើហិង្សាលើកុមារ” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤  នៅទីស្តីការក្រសួង ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើជំនឿសាសនារបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដឹកនាំប្រកបដោយភាពឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាល បន្តវេន មានភាពស្វាហាប់ ម៉ឺងម៉ាត់ និងមានទស្សនៈទូលំទូលាយ ប្រកបដោយភាពប្រាកដនិយម ក្នុងការដឹកនាំប្រទេសជាតិ បាននឹងកំពុងជំរុញល្បឿននៃការអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ក្នុងនោះ ព្រះពុទ្ធសាសនានៅកម្ពុជាដែលជាសាសនារបស់រដ្ឋ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់តម្លៃសីលធម៌ និងធម៌អហិង្សាក៏ដូចជាទ្រទ្រង់នៅអរិយធម៌ វប្បធម៌ តាមរយៈ ការផ្ដល់ឱវាទ ទេសនា ដាស់តឿន នៅស្មារតីរបស់ប្រជាពុទ្ធបរិស័ទគ្រប់រូប។

ការលើកកម្ពស់សីលធម៌ប្រជាពលរដ្ឋកម្ពុជា សំដៅការកាត់បន្ថយ និងឈានទៅរកការលប់បំបាត់អំពើហិង្សាគ្រប់រូបភាព ជាពិសេសអំពើហិង្សាលើកុមារ តាមរយៈសាសនា ក្នុងគោលបំណងចូលរួមចំណែកអប់រំទូន្មាន មហាជនទូទៅ គ្រប់ស្រទាប់វណ្ណៈ ឱ្យយកចិត្តទុកដាក់ក្នុងការថែទាំកុមារ និងប្រឆាំងដាច់ខាត មិនឱ្យ មាន ការជួញដូរ កុមារ ការចាប់បង្ខំរាងកាយលើកុមារ (អំពើរំលោភសេពសន្ធវៈ) រួមគ្នាការពារសិទ្ធិកុមារបញ្ឈប់រាល់អំពើហិង្សា ចំពោះកុមារ។

នៅក្នុងទិវាសកម្មភាពសាសនាដើម្បីកុមារដ៏មានតម្លៃឱកាសនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានលើកឡើងនូវទស្សនៈទានមួយចំនួនរួមមាន៖ 

១-គ្រប់វត្តអារាម វិហារសាសនា សូរ៉ាវ ម៉ាស្ជឹត ស្នាក់ការថ្វាយបង្គំ និងសាលារៀនដែលមានចរិតជាសាសនា ត្រូវជួយអប់រំ ដុះខាត់ចិត្តនិស្ស័យមនុស្ស ឱ្យស្គាល់ពីគុណតម្លៃ សីលធម៌ គុណធម៌ សុជីវធម៌ និងស្គាល់ពីសិទ្ធិសេរីភាពរបស់មនុស្សគ្រប់រូប ជាពិសេសសិទ្ធិនៃការរស់រានមានជីវិតរបស់កុមារ ដើម្បីការពារកុមារឱ្យឆ្ងាយចាកពីអំពើហិង្សាគ្រប់រូបបែប ។

២-មេដឹកនាំគ្រប់សាសនាទាំងអស់ សូមមេត្តាយកព្រះទ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងសាសនិករបស់ខ្លួន ឱ្យ ស្រឡាញ់ អាណិ ត និងការពារចំពោះកុមារ ដើម្បីសុខដុមនីយកម្មក្នុងសង្គម ហើយត្រូវ ប្រកាសសារទាំងនេះ តាមសកម្មភាពសាសនារបស់ខ្លួន ដូចជាថ្ងៃសី ល ថ្ងៃសុក្រ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ ផ្សេងៗ ដទៃ ទៀត តាមដែលអាចធ្វើបាន។

៣-ទ្រឹស្តីអប់រំគ្រប់សាសនា សុទ្ធសឹងដឹកនាំមនុស្សឱ្យឈានឆ្ពោះទៅរក ក្តី សុខ និងប្រាសចាកការបៀតបៀនគ្នា ដូច្នេះសូមឱ្យមេដឹក នាំគ្រប់សាសនាពង្រឹងយន្តការស្នូលខាងលើនេះ ដើម្បីជាមធ្យោបាយ លុបបំបាត់អំពើហិង្សាលើកុមារ និងអំពើអមនុស្សធម៌គ្រប់រូបបែប។

 ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការនិងសាសនា និង លោក សួន សុធារ៉ា នាយករងខុទ្ទកាល័យ បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារកន្លងមក ដោយបានអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្រសួងធម្មការនិងសាសនា សហការជាមួយតំណាងអង្គការ UNICEF ដែលមានលោកបណ្ឌិត វៀល ផាក (Dr. Will Parks) បានចុះធ្វើការនៅតាមមូលដ្ឋានសហគមន៍ ប្រកបដោយរលូននិងទទួលជោគជ័យ។

សូមជម្រាបជូនថា ពិធីនេះមានការយាង និមន្ត និង អញ្ជើញចូលរួមដោយ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិ ឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាច, សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្ត្រៃយ៍ លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះមន្រ្តីសង្ឃទាំង២គណៈ ,ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, លោកបណ្ឌិត វៀល ផាក (Dr. Will Parks) តំណាងអង្គការ UNICEF , ថ្នាក់ដឹកនាំឥស្លាមសាសនា , ថ្នាក់ដឹកនាំគ្រិស្តសាសនា, តំណាងសហគមន៍សាសនា នានា នៅកម្ពុជា និងសិស្ស និស្សិត សរុបប្រមាណជិត ៥០០អង្គ/នាក់៕