ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សុខាភិបាល និងឯកឧត្តមសាស្ត្រាចារ្យទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី អញ្ជើញជាវាគ្មិនកិត្តិយសក្នុងការធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធិភាព»

ជាកិច្ចចាប់ផ្ដើម÷ ឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី បានធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំ ដ៏មានប្រសិទ្ធិភាព» ដោយបានចែករំលែក ករណីសិក្សា និងបទពិសោធន៍នៃការដឹកនាំរបស់ឯកឧត្តម នៅតាមស្ថាប័នអន្តរជាតិជាង៤០ ឆ្នាំកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបង្ហាញថា ដើម្បីដឹកនាំឱ្យមានប្រសិទ្ធិភាព អ្នកដឹកនាំ៖ (១) ត្រូវយកចិត្តទុកដាក់លើកង្វល់របស់អង្គភាព ឬកង្វល់របស់បុគ្គលិកនិងត្រូវលះបង់ពេលវេលា ដើម្បីស្វែងរកដំណោះស្រាយកង្វល់ទាំងអស់ឱ្យគ្រប់ជ្រុងជ្រោយ (២) អ្នកដឹកនាំត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពក្លាហាន ក្នុងការចេះយកចំណេះដឹងទាំងនោះមកប្រើប្រាស់សម្រាប់ដោះស្រាយកង្វល់ និងសម្រាប់ផលប្រយោជន៍រួម (៣)អ្នកដឹកនាំត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន និងធ្វើឱ្យកន្លែងធ្វើការងារភាពត្រជាក់ត្រជុំ និង (៤)អ្នកដឹកនាំត្រូវប្រើប្រាស់សំដីអោយស្របទៅនឹងសកម្មភាពរបស់ខ្លួន (Walk the talk)។ ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានឆ្លើយនូវសំនួររបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសិក្ខាកាមយ៉ាងផលផុស ព្រមទាំងបានផ្តល់សារគន្លឹះ ដល់អ្នកដឹកនាំទាំងអស់ឱ្យប្រកាន់យកភាពមេត្តា និងករុណា និងមានសេចក្តីក្លាហាន ក្នុងការអនុវត្តន៍ការងារប្រកបដោយគុណធម៌ ឆ្ពោះទៅរកគោលដៅដែលបានកំណត់។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងបានរំលឹកពីប្រវត្តិនៃការបង្កើតផ្នែកឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធិផលមួយកើតចេញនៃការប្រើប្រាស់ភាពជាអ្នកដឹកនាំ និងមានការចូលរួមចំណែកពី ឯកឧត្តមសាស្រ្តាចារ្យ ឆែម គាតរិទ្ធី ផងដែរ។ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកជាសំណួរសម្រាប់ជូនវាគ្មិនកិត្តិយសបកស្រាយទៅលើ លក្ខខណៈសម្បតិ្តរបស់មេដឹកនាំ ដែលអាចនាំឱ្យសម្រេចបានគោលដៅនៅគ្រប់កាលៈទេសៈ។

ការថ្លែងជាវាគ្មិនកិត្តិយសរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ហើយនិងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នូវខ្លឹមសារដ៏មានសារៈសំខាន់ខាងលើនោះ នៃបទឧទ្ទេសនាមក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៧នាក់ បានប្រព្រឹត្ត ទៅកាលពីរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២៥មុននេះ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីធើ្វបទឧទ្ទេសនាម ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសុខាភិបាល និងបានជូនពរដល់ឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តីមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕