ហេតុការណ៍ភ្លើងឆាបឆេះសណ្ឋាគារក្នុងតំបន់ជិះស្គីទឹកកកនៅតួកគីធ្វើឲ្យមនុស្ស៦៦នាក់ស្លាប់ ខណៈដែលពួកគេគេងលង់លក់នៅវេលាម៉ោងជាង៣ទៀបភ្លឺ គួរឲ្យរន្ធត់បំផុត!
រដ្ឋមន្ត្រីមហាផ្ទៃប្រទេសតួកគីបាននិយាយថាករណីអគ្គីភ័យឆាបឆេះសណ្ឋាគារកម្ពស់១២ជាន់មួយកន្លែងនៅរមណីយដ្ឋានជិះស្គីក្នុងតំបន់ដ៏ពេញនិយមមួយនៅភាគពាយព្យប្រទេសតួកគីកាលពីថ្ងៃអង្គារម្សិលមិញនេះបានបណ្តាលឲ្យមានមនុស្សស្លាប់កើនដល់៦៦នាក់ហើយ ។ លោក Ali Yerlikaya បាននិយាយទៀតថា យ៉ាងហោចណាស់មនុស្ស៥១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះមហន្តរាយនេះដែលបានវាយប្រហារសណ្ឋាគារដែលមានឈ្មោះថា Grand Kartal នៅក្នុងរមណីយដ្ឋាន Kartalkaya ក្នុងភ្នំ Koroglu ខេត្ត Bolu ចម្ងាយប្រហែល៣០០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី។ អគ្គីភ័យនេះបានកើតឡើងអំឡុងពេលថ្ងៃឈប់សម្រាកប្រចាំវិស្សមកាល និងជាពេលដែលសណ្ឋាគារក្នុងតំបន់កំពុងទទួលបានភ្ញៀវស្នាក់នៅច្រើន។ លោក Yerlikaya បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបានពិនិត្យមើលកន្លែងនោះថា “យើងពិតជាមានការឈឺចាប់ខ្លាំងណាស់។ យើងបានបាត់បង់ជីវិតមនុស្សចំនួន ៦៦ នាក់ អំឡុងពេលអគ្គិភ័យបានឆាបឆេះនៅខាងក្នុងសណ្ឋាគារនេះយ៉ាងសន្ធោសន្ធៅនិងនៅពេលយប់ ដែលពួកគេកំពុងតែសម្រាកលង់លក់ដែរ» ។ លោក Yerlikaya បានបន្ថែមទៀតថា សណ្ឋាគារនេះមានភ្ញៀវកក់ចូលមកស្នាក់នៅចំនួន ២៣៨នាក់ឯណោះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា អគ្គិភ័យនេះត្រូវបានគេរាយការណ៍មកកាន់ខាងប៉ូលីសក្នុងតំបន់នៅម៉ោង៣និង២៧នាទីយប់ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ហើយភ្លាមៗនាយកដ្ឋានពន្លត់អគ្គីភ័យក៏បានចាប់ផ្តើមធ្វើសកម្មភាពឆ្លើយតបនៅវេលាម៉ោង ៤ និង ១៥ នាទីព្រឹក។ ពេលនេះរដ្ឋាភិបាលបានតែងតាំងក្រុមព្រះរាជអាជ្ញាចំនួន៦រូបភ្លាមៗ ដើម្បីដឹកនាំការស៊ើបអង្កេតលើករណីឆាបឆេះដ៏រន្ធត់នេះ ដោយពួកគេជឿថាភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីផ្នែកភោជនីយដ្ឋាននៃសណ្ឋាគារតែម្តង។ យ៉ាងហោចជនរងគ្រោះ២នាក់បានស្លាប់បន្ទាប់ពីលោតពីលើសណ្ឋាគារដោយពួកគេភ័យស្លន់ស្លោខ្លាំងពេកនេះអ្វីដែលអភិបាលក្រុងលោក Abdulaziz Aydin បានប្រាប់ទីភ្នាក់ងាររដ្ឋ Anadolu ។ ទូរទស្សន៍ NTV និងប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងទៀតបានរាយការណ៍ថា មនុស្សមួយចំនួនបានព្យាយាមឡើងពីបន្ទប់គេរបស់ពួកគេដោយប្រើក្រណាត់និងភួយយ៉ាងអាណោចអាធម។ រូបភាពពីទូរទស្សន៍បានបង្ហាញផ្នែកដំបូល និងជាន់ខាងលើនៃសណ្ឋាគារកំពុងឆេះយ៉ាងសន្ធោសន្ធៅគួរឲ្យព្រឺព្រួច។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្រាលជញ្ជាំងធ្វើពីឈើនៅផ្នែកខាងក្រៅនៃសណ្ឋគារ ដែលយកតាមរចនាបថ chalet អាចជាកត្តាមួយជម្រុញល្បឿនឆាបឆេះយ៉ាងរីករាលដាលក្នុងហេតការណ៍ដ៏អាក្រក់នេះឡើងទៅខាងលើដែរ។ មួយផ្នែកនៃសណ្ឋាគារដែលឆាបឆេះនេះ មាន១៦១បន្ទប់ស្ថិតនៅម្ខាងនៃច្រាំងថ្មដ៏ចោទ ដែលជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងដ៏អាក្រក់ផងដែរ។ ទូរទស្សន៍ជាតិតួកគី NTV ក៏បានបង្ហាញទីកន្លែងទទួលភ្ញៀវនៃសណ្ឋាគារមានផ្សែងខ្មួរខ្មៅ ច្រកចូលគឺកញ្ចក់និងបង្អួចត្រូវកម្ទេចចោលដោយអណ្តាតភ្លើង តុទទួលភ្ញៀវធ្វើពីឈើបានឆេះគ្មានសល់ ហើយគោមចង្កៀងអគ្គីសនីមួយបានធ្លាក់ចុះដល់ដី។ មកដល់ពេលនេះសណ្ឋាគារផ្សេងទៀតដែលនៅជុំវិញនៅក្នុងតំបន់រមណីយដ្ឋាន នៃខេត្ត Bolu នេះត្រូវបានគេជម្លៀសមនុស្សចេញខ្លះ និង ប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្នជាងមុន៕
សម្រួលអត្ថបទ៖ សុផារិន្ទ