សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន បានឈានមកដល់ថ្ងៃទី៣ ដោយបានបន្តពិនិត្យពិភាក្សាគ្នាលើកិច្ចការងារទាក់ទងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅផ្តល់លទ្ធភាពកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ឱ្យទទួលបានព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍
អង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន បានដំណើរឈានមកដល់ថ្ងៃទី៣ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយបន្តធ្វើការពិភាក្សាពេញអង្គដឹកនាំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការងារសំខាន់ៗជាច្រើនទាក់ទងការងារកែទម្រង់ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មាន រួមទាំងដំណើរការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយទំនើប និងការធ្វើបដិវត្តកម្ម ឌីជីថល ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ។
អង្គសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មានរយៈពេលពេញ ៣ថ្ងៃមកនេះ បានបង្ហាញអោយឃើញនូវសមិទ្ធិផលការងារជាច្រើនដែលក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានរយៈពេល ១៧ខែមកនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណចក្រកម្ពុជា និងបន្តដឹកនាំប្រកបដោយថាមពល ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺក្រសួងព័ត៌មាន បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើន ហើយបានផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍ និងតាមតម្រូវការស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។
សមិទ្ធផល និងលទ្ធផលការងាររបស់ក្រសួងព័ត៌មាន សម្រាប់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាព ដែលរំលេចដោយរូបភាព ក្រាហ្វិក និងតារាងជាបន្តបន្ទាប់ ហើយសមិទ្ធផលទាំងនេះ សម្រេចបានគួរជាទីមោទន ដោយមានការចូលរួមចំណែកពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ទីប្រឹក្សា ជំនួយការ និងដៃគូសហការទាំងអស់របស់ក្រសួងព័ត៌មាន ៕