អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា»

ពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា»បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី 22 ខែមករាឆ្នាំ 2025 ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានប្រសាសន៍បើកអង្គសិក្ខាសិលានាឱកាសនោះអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នមានប្រសាសន៍ថាការផ្តួចផ្តើមរៀបចំសិក្ខាសាលានេះ គឺស្របគ្នានឹងការបោះជំហាន របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ដែលសម្តេច បានផ្តល់អាទិភាពខ្ពស់ និង ចាត់ទុកការកែទម្រង់ ជាកត្តាគន្លឹះសម្រាប់កំណត់ជោគជ័យ ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយអាទិភាពទាំងឡាយ, ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។

ឯកឧត្តមអគ្គបណ្ឌិតភាចារ្យបានបញ្ជាក់ថាការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងទៅ បាននាំមកនូវសមិទ្ធផល ជាប្រវត្តិសាស្ត្រជាច្រើនសម្រាប់កម្ពុជា, ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ទាំងសមិទ្ធផល ក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានគូសរំលេច នូវ សមិទ្ធផលគន្លឹះ ចំនួន ៥ ដូចខាងក្រោម៖

ទី១: ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា៖ ក្នុងរយៈពេល ៥ ឆ្នាំ ដំបូងនៃការអនុវត្តដំណាក់កាលទី ១ នៃកម្មវិធីកែទម្រង់, ថវិកាជាតិត្រូវបានកែលម្អ ឲ្យ មាន «ភាពជឿទុកចិត្ត», ដែលទទួលបាននូវការវាយតម្លៃខ្ពស់ ពីតួអង្គពាក់ព័ន្ធទាំងអស់, ទាំងប្រជាពលរដ្ឋ, មន្ត្រីរាជការ, និង ស្ថាប័នហិរញ្ញវត្ថុជាតិ និង អន្តរ-ជាតិ, តាមរយៈកិច្ចប្រឹងប្រែងកៀរគរចំណូល, ជាពិសេស ការពង្រឹងស្ថាប័ន និង ការធ្វើទំនើបកម្មរដ្ឋបាលសារពីរពន្ធ; ការកែទម្រង់លើការព្យាករណ៍ចំណូល និង ការប៉ាន់ស្មានចំណាយ, ប្រចាំត្រីមាស និង ប្រចាំឆ្នាំ; ការលើកកម្ពស់តម្លាភាពថវិកា; ការធ្វើផែនការថវិកា;  ការកែលម្អប្រព័ន្ធកត់ត្រា ក៏ដូចជា ប្រព័ន្ធរាយការណ៍; និង ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ ជាដើម ។ ទាំងអស់នេះ សុទ្ធសឹងជាសមាសធាតុគន្លឹះ ដែលបាន និង កំពុងរួមចំណែកដល់ការបង្កើនទំហំថវិកា និង ការពង្រឹងការគ្រប់គ្រងចំណូលថវិការដ្ឋ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធ-ភាព នៃការគ្រប់គ្រងចំណាយ ។

ទី២:ការកសាងបានជាមូលដ្ឋាន នូវសមាសធាតុចាំបាច់ទាំងឡាយនៃប្រព័ន្ធថវិកាទំនើប ដែលឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ៖ ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ, ប្រព័ន្ធថវិការបស់កម្ពុជា ត្រូវបានកែប្រែ, ពីប្រព័ន្ធដែលមានការខ្វះចន្លោះជាច្រើន, មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ, ដោយចាប់ផ្តើមពីដំណាក់កាលដំបូងនៃការធ្វើឲ្យថវិកាមាន «ភាពជឿទុកចិត្ត»; បន្ទាប់មក, ក្នុងដំណាក់កាលទី ២ គឺការបន្តពង្រឹង «គណនេយ្យភាពហិរញ្ញវត្ថុ»; ហើយបន្តមកទៀត, ក្នុងដំណាក់កាលទី ៣ គឺការសម្រេចបានជាសារវន្ត នូវសមាសធាតុគន្លឹះទាំងឡាយ នៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» តាមរយៈការអនុវត្តថវិកាកម្មវិធី សំដៅធ្វើឲ្យថវិកាជាតិ កាន់តែត្រូវបានផ្លាស់ប្ដូរទៅជាថវិកាបែបវិមជ្ឈការ និង ផ្ដោតលើលទ្ធផល និង សមិទ្ធកម្ម ។ ខាងទិដ្ឋភាពឌីជីថល, ការគ្រប់គ្រងថវិកា, ទាំងថវិកាថ្នាក់ជាតិ និង ថវិកាថ្នាក់ក្រោមជាតិ, ក៏ត្រូវបានផ្លាស់ប្ដូរជាបណ្ដើរៗ ទៅកាន់ការគ្រប់គ្រងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។ ក្នុងបរិបទនេះ បើពិនិត្យលើវដ្ដថវិកា (Budget cycle) ទាំងក្នុងដំណាក់កាលរៀបចំថវិកា, អនុម័តថវិកា, អនុវត្តថវិកា, ត្រួតពិនិត្យថវិកា, តាមដានថវិកា និង វាយតម្លៃថវិកា, ប្រព័ន្ធថវិការបស់យើង មានសមាសធាតុចាំបាច់គ្រប់គ្រាន់, ទាំងលើទិដ្ឋភាពស្ថាប័ន, ប្រព័ន្ធគ្រប់គ្រង, ក្របខណ្ឌគតិយុត្ត, យន្តការ, និង ធនធានមនុស្ស ដែលធ្វើឲ្យស្ថាប័ន រដ្ឋ មានសមត្ថភាព អាចឆ្លើយតបបានកាន់តែប្រសើរឡើង ទៅនឹងតម្រូវការ ក្នុងការអភិវឌ្ឍ និង ដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហានានា ជាពិសេស នៅពេលមានវិបត្តិដែលមិនអាចស្មានទុកជាមុនបាន។

ទី៣: រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចាប់យក «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម» ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឲ្យបាន នៅក្នុងដំណាក់កាលទី ៤ (២០២៣-២០២៧) នូវ «គណនេយ្យភាពសមិទ្ធកម្ម» ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ ស្របគ្នានឹងការប្រែប្រួលជាសារវន្តនៃផ្នែកគោលនយោបាយ និង យុទ្ធសាស្ត្រអាទិភាព សំដៅពង្រឹងប្រសិទ្ធភាព គុណភាព និង ការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និង មន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។ ក្នុងន័យនេះ, សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ជាមួយនឹងការទទួលបាននូវការផ្ទេរសិទ្ធិអំណាច ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន, ក្រសួង-ស្ថាប័ន នីមួយៗ ត្រូវមានការទទួលខុសត្រូវខ្ពស់ លើការប្រើប្រាស់ថវិកា ឲ្យបានប្រកប ដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, និង ចំគោលដៅ, ពោលគឺ, ម្ខាង, ត្រូវទទួល-ខុសត្រូវ លើការសម្រេចឲ្យបាន នូវគោលបំណងគោលនយោបាយ, បេសកកម្ម និង សូចនាករលទ្ធផលរំពឹងទុករបស់ខ្លួន ដោយអនុលោមតាមគោលការណ៍នៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ»; និង ម្ខាងទៀត, ត្រូវទទួលខុស-ត្រូវយ៉ាងម៉ឺងម៉ាត់ លើការប្រើប្រាស់ថវិកា ដែលត្រូវបានអនុម័តផ្ដល់ជូន ឲ្យបានប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព ព្រមទាំងធានាបាននូវ «តម្លៃនៃលុយ» ស្របតាមបទប្បញ្ញត្តិនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាធរមាន ។

ទី៤: ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ និង ប្រកបដោយភាពធន់ និង ចីរភាព ក្នុងរយៈពេលវែង៖ បើគិតចាប់ពីឆ្នាំ ២០០៤ មក, កម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ, ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ, ជាមួយនឹងការរក្សាបាននូវអត្រាអតិផរណាទាប, ក្នុងរង្វង់ ៣% ប្រចាំឆ្នាំ, និង អត្រាប្តូរប្រាក់មានស្ថិរភាព, លើកលែងតែក្នុងអំឡុង នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល ប៉ុណ្ណោះ, ដែលកំណើនមានការធ្លាក់ចុះស្ទើរគ្រប់ ប្រទេស ទូទាំងសកលលោក, រួមទាំងកម្ពុជា ផង ។ ជាការពិត, បន្ទាប់ពីស្ថាន-ភាពនៃវិបត្តិជំងឺកូវីដ-១៩ បានថមថយ, ទោះបីជាសេដ្ឋកិច្ចសកល នៅបន្តជួបនឹងបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស មករកអត្រាកំណើនជាសក្តានុពលឡើងវិញ ។ ជាក់ស្តែង, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៦%, ហើយសម្រាប់ឆ្នាំ ២០២៥ នេះ, ត្រូវបានព្យាករថា នឹងបន្តស្ទុះឡើង ក្នុងអត្រាប្រមាណ ៦.៣% ។ ច្បាស់ណាស់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំយ៉ាងដូច្នេះ ។ ជារួម, លទ្ធផលដ៏ល្អ នៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់ សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និង បន្តស្ថិរភាពនៃកំណើនជាបន្តបន្ទាប់ រហូតសម្រេចបាននូវចំណាត់ថ្នាក់ ជា ប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥, ហើយបន្តជម្នះបានដោយជោគជ័យ នូវវិបត្តិផងទាំងពួង និង កំពុងបន្តបោះជំហាន ប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ ជូនរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជា ការលើកកម្ពស់ ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ, ការពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ, និង ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើងជាលំដាប់។

ទី៥: ការពង្រឹងឯករាជ្យជាតិ និង អធិបតេយ្យជាតិ៖ ក្នុងបុព្វហេតុឯករាជ្យ និង អធិបតេយ្យជាតិ, សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និង តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនា របស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងផ្អែកលើជំនួយហិរញ្ញប្បទានពីក្រៅប្រទេស ។ ជាក់ស្តែង បច្ចុប្បន្ន ជំនួយហិរញ្ញប្បទានពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំប្រមាណ ២០ ភាគរយនៃថវិកាជាតិសរុប ។ ផ្ទុយទៅវិញ, កាលពីអតីតកាល ប្រមាណ ៣០ ឆ្នាំមុន, ចំណូលក្នុងស្រុក ដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃចំណូលថវិកាជាតិសរុប តែប៉ុណ្ណោះ; នេះបានន័យថា ប្រមាណពីរភាគបី នៃតម្រូវការចំណាយថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ ការកែទម្រង់ លទ្ធកម្មសាធារណៈ ក៏ជាសមាសភាគដ៏សំខាន់មួយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដែលយើងត្រូវសម្រួចឲ្យស្របតាមចលនការនៃការកែទម្រង់របស់យើង ។ និយាយជារួម, ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ ២០២៣ បានចង្អុលឲ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបំពេញមុខងារជានិយ័តករ និង ត្រួតពិនិត្យការអនុវត្តលទ្ធកម្មសាធារណៈ ព្រមទាំងត្រូវបង្កើនសិទ្ធិសម្រេច ជាបន្តបន្ទាប់រហូតទាំងស្រុង ជូនអង្គភាពអនុវត្តកិច្ចលទ្ធកម្ម នៅតាមក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, និង រដ្ឋបាលថ្នាក់ក្រោមជាតិ ។ បន្ថែមលើនេះ, ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ នេះ ក៏បានបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មប្រព័ន្ធលទ្ធកម្ម, លើកកម្ពស់អភិបាលកិច្ច ដែល ជាមូលដ្ឋានគ្រឹះ, និង ពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ, ដែលក្នុងនោះ, មាត្រា ៥៦ នៃច្បាប់នេះ ចែងថា ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ត្រូវអនុលោមតាមបរិបទនៃលទ្ធកម្មប្រកបដោយចីរភាព និង ត្រូវកំណត់លក្ខខណ្ឌតម្រូវ និង លក្ខខណ្ឌវិនិច្ឆ័យ ដោយផ្តល់អាទិភាព ដល់ការការពារបរិស្ថាន និង ការគ្រប់គ្រងផលប៉ះពាល់ លើសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ចាក់បន្ថែមទៀត អំពីភាពចាំបាច់ក្នុងការរៀបចំលិខិតគតិយុត្ត ពាក់ព័ន្ធនឹងការអនុវត្តកិច្ចលទ្ធកម្មប្រកបដោយចីរភាព ដូចខាងក្រោម ៖
ទី១. ក្រមបរិស្ថាន និង ធនធានធម្មជាតិ និង ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ បានគូសរំលេចនូវភាពចាំបាច់ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់អនុវត្តលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ដែលកិច្ចការនេះតម្រូវឲ្យមានការចូលរួម ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោមការសម្របសម្រួល និង ការដឹកនាំរបស់ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្ត និង ឯកសារគោល ស្តីពីនិតិវិធី និង បែបបទចាំបាច់ទាំងឡាយ ដើម្បីដាក់ឲ្យអនុវត្ត នាពេលខាងមុខ ស្របតាមការកំណត់ នៃកិច្ចដំណើរការនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ។ យើងមិនត្រូវមានការអល់អែក ក្នុងកិច្ចការនេះឡើយ; ផ្ទុយទៅវិញ, យើងត្រូវសម្រេច និងដាក់ឲ្យអនុវត្តជាជំហានៗ នូវកិច្ចលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ក្នុងភាពជាម្ចាស់ ក្នុងបរិបទកម្ពុជា ។

ទី២. អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង បរិស្ថាន ត្រូវធ្វើការសិក្សា និង វាយតម្លៃលើកិច្ចដំណើរការលទ្ធកម្មបច្ចុប្បន្ន ព្រមទាំងកំណត់វិសាលភាពការងារ ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈប្រកបដោយ ចីរភាព (SPP) ឲ្យស្របតាមច្បាប់ជាធរមាន និង ស្តង់ដាអន្តរជាតិ ដើម្បីជំរុញអនុវត្តកិច្ចការនេះ នៅក្នុងក្របខណ្ឌនៃការកែទម្រង់លទ្ធកម្មសាធារណៈ ។ ការណ៍ នេះ ក៏រួមបញ្ចូលផងដែរ នូវការផ្សព្វផ្សាយឲ្យមានការយល់ដឹងទូលំទូលាយ អំពីក្របខណ្ឌច្បាប់ និង ការអនុវត្តកិច្ចលទ្ធកម្មប្រកបដោយចីរភាព ក្នុងរយៈពេលមធ្យម និង វែង ទៅមុខ ។

ទី៣. ដោយលទ្ធកម្មសាធារណៈប្រកបដោយចីរភាព គឺជាកិច្ចការថ្មីសម្រាប់កម្ពុជា, ខ្ញុំសូមលើកទឹកចិត្តឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលជាអ្នកមានតួនាទីផ្ទាល់ ក្នុងការរៀបចំគោលនយាបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់ នានា, បន្តសហការជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍ ដើម្បីបន្តរៀនសូត្រ, ចែករំលែកចំណេះដឹង និង ស្វែងយល់អំពីការអនុវត្តល្អៗពីបណ្តាប្រទេស, ទាំងក្នុងតំបន់ និង សកលលោក ។ ក្នុងន័យនេះ, យើងត្រូវរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពច្បាស់លាស់ ក្នុងនោះ រួមមាន៖ ការបណ្តុះបណ្តាលផ្តោតលើគោលគំនិតសំខាន់ៗ; សិក្ខាសាលាចែករំលែក ចំណេះដឹង; ការសិក្សាស្រាវជ្រាវ; ទស្សនកិច្ចសិក្សា, ទាំងក្នុង និង ក្រៅប្រទេស, ពាក់ព័ន្ធនឹងលទ្ធកម្មប្រកបដោយចីរភាព (SPP); និង វិធានការនៃការលើកកម្ពស់ការប្រើប្រាស់ និង ផលិតកម្មប្រកបដោយនិរន្តរភាព (SCP) ដែលមានក្រសួងបរិស្ថាន ជាស្ថាប័នដឹកនាំ ។

ទី៤. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងបង្កើតក្រុមការងារស្នូលដឹកនាំការងារនេះ (SPP/SCP Core Group) ដែលមានសមាសភាពពីក្រសួងបរិស្ថាន, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ, ទាំងកម្រិតគោលនយោបាយ និង កម្រិតបច្ចេកទេស, ដើម្បីធានានូវកិច្ចដំណើរការនៃការអនុវត្តគម្រោងសាកល្បងស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ក្នុងពេលដ៏ខ្លីខាងមុខ ។

ទី៥. ក្រុមការងារស្នូលខាងលើ ត្រូវត្រួតពិនិត្យ, តាមដាន និង វាយតម្លៃកិច្ចលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ឲ្យបានម៉ត់ចត់ និង គ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ចំណុចខ្លាំង និង ចំណុចខ្សោយ ដែលត្រូវកែលម្អបន្ថែម, ជាពិសេស ការរៀបចំ និង ការកែសម្រួលលិខិតបទដ្ឋានគតិយុត្ត, និតិវិធី និង បែបបទ ដែលនឹងត្រូវរៀបចំបង្កើតឡើង ដោយផ្អែកលើមតិយោបល់ពីគ្រប់តួអង្គពាក់ព័ន្ធ ។

ទី៦. ក្រុមការងារស្នូលខាងលើ ក៏ត្រូវជំរុញផ្សព្វផ្សាយជាបណ្តើរៗ តាមរយៈការប្រើ-ប្រាស់ឧបករណ៍ និង វេទិកាឌីជីថល ដើម្បីលើកកម្ពស់ការយល់ដឹង អំពីអត្ថ-ប្រយោជន៍នៃលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ក្នុងចំណោមមន្ត្រីរាជការ, អាជីវករ និង ធុរជន ក៏ដូចជា សាធារណជនទូទៅ ក្នុងទិសដៅលើកកម្ពស់វប្បធម៌នៃនិរន្តរភាព និង ទម្លាប់នៃការអនុវត្តល្អ ក្នុងប្រព័ន្ធលទ្ធកម្មសាធារណៈ ។ និង

ទី៧. ខ្ញុំក៏សូមស្នើដៃគូអភិវឌ្ឍន៍នានា បន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, និង ភាគីពាក់ព័ន្ធ អំពីគោល-ការណ៍នៃការអនុវត្ត និង អត្ថប្រយោជន៍របស់លទ្ធកម្មសាធារណៈប្រកបដោយចីរភាព ដើម្បីបង្កើនការយល់ដឹង និង សមត្ថភាព ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព ព្រមទាំងប្រមូលធាតុចូល ពីវិស័យឯកជន និង សង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីអនុវត្តគំនិតផ្តួចផ្តើម ស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា ឲ្យបានរលូន ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់។