លោក Putin ទូរស័ព្ទពិភាក្សាការងារជាមួយនឹងលោក Xi Jinping ក្រោយពេលលោក Trump ចូលស្បថកាន់តំណែងជាប្រធានាធិបតីអាម៉េរិកទី៤៧ និងជាលើកទី២នៃអាណត្តិមិនជាប់គ្នារបស់លោក

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅទូរស័ព្ទចូលទៅកាន់ ប្រធានាធិបតីចិន លោក Xi Jinping ខណៈដែលមេដឹកនាំទាំងពីរ ត្រៀមដោះស្រាយបញ្ហារួមគ្នាជាមួយប្រធានាធិបតីអាម៉េរិកថ្មីដែរគឺ លោក Donald Trump។ លោក Putin បានជម្រុញជូនចំពោះលោក Xi ដោយបានសង្កត់ធ្ងន់ថាទំនាក់ ទំនងរុស្ស៊ី-ចិនគឺផ្អែកលើផលប្រយោជន៍រួម សមភាព និងផលប្រយោជន៍ទៅវិញទៅមក ដោយមេដឹកនាំទាំងពីរបានកត់សម្គាល់ថាពួកគេមិនពឹងផ្អែកលើកត្តានយោបាយផ្ទៃក្នុង និងបរិយាកាសអន្តរជាតិបច្ចុប្បន្នឡើយ។ លោក Putin បានប្រាប់លោក Xi នៅក្នុងសុន្ទរកថាដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋរុស្ស៊ីថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយរុស្ស៊ី និងចិនBពិតជាបានដើរតួយ៉ាងសំខាន់សម្រាប់ភាព មានសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលវាមិនត្រឹមតែជាសណ្តាប់ធ្នាប់សកល និងការងារនានាដើម្បីធានាសន្តិសុខដែលមិនអាចបំបែកបាននៅក្នុងអឺរ៉ាស៊ី និងពិភពលោកទាំងមូលប៉ុណ្ណោះទេប៉ុន្តែតួនាទីសំខាន់របស់ពួកគេគឺរក្សាស្ថិរភាពក្នុងកិច្ចការងារជាច្រើនរបស់ពិភពលោកដែរ។ ចំណែកប្រធានាធិបតីចិន លោក Xi ក៏បានសរសើរដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងដែរ ដោយលោកបាននិយាយថា “វាពិតជាចំណែកដ៏សំខាន់ដើម្បី ជួយជ្រោមជ្រែងនិងនាំមកនូវថាមពលវិជ្ជមានដល់ការកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធពិភពលោកដែរ”។ មេដឹកនាំរុស្ស៊ី និងចិនបានបង្កើតទំនាក់ ទំនងផ្ទាល់ខ្លួនយ៉ាងរឹងមាំ ដែលអាចជំរុញទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានយ៉ាងរលូន ហើយទំនាក់ទំនងទាំងនោះកាន់តែមានភាពជិតស្និទ្ធ ជាងមុន បន្ទាប់ពីលោក Putin បានបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនក្នុងឆ្នាំ ២០២២។ រីឯប្រទេសចិនវិញបានក្លាយជាអតិថិជនដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ី និងជាប្រភពផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាដ៏សំខាន់ៗ ចំពេលក្រុមលោកខាងលិចដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូរបស់រុស្ស៊ីដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ